Social Network

សង្សារអ្នកគ្រូក្រមុំ ដែលគេចាក់សម្លាប់ សារភាពថា ខ្លួនគឺជាឃាតក ព្រោះខឹងនាងបង្ខំឲ្យរៀបការ

ភ្នំពេញ៖ ករណីឃាតកម្ម ចាក់សម្លាប់អ្នកគ្រូក្រមុំ ចោលសពនៅក្បែរ ចំការអ្នកស្រុក នៅស្រុកស្អាង រហូតមកដល់ពេលនេះ គេរកឃើញមុខឃាតករ ដៃដល់បានហើយ គឺបុរសជាសង្សារ របស់នាងតែម្តង ដែលត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួនសួរនាំ បន្ទាប់ពីរកឃើញសាកសព។

នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកានេះ យោងតាមការអះអាង ពីសមត្ថកិច្ចខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យដែលជាសង្សារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន សួរនាំនោះ បានឆ្លើយសារភាពហើយថា ខ្លួនគឺជាឃាតករ ចាក់សម្លាប់នាង ព្រោះតែខឹងនាងបង្ខំឲ្យខ្លួន ទៅចុះអេតាស៊ីវិល និងរៀបការ រួមទាំងគំរាមឲ្យខ្លួន ផ្តាច់ទំនាក់ទំនងជាមួយនឹង សង្សារចាស់ផងដែរ។

ករណីឃាតកម្មចាក់សម្លាប់ យ៉ាងសាហាវ ដោយកាំបិតសើ្ទរសុះសាច់ ទៅលើអ្នកគ្រូក្រមុំ ខាងលើនេះ ត្រូវបានគេប្រទះឃើញសាកសព នៅចំណុច តាមផ្លូវលំ ក្បែរចំការអ្នកស្រុក មួយកន្លែង ស្ថិតនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នាវេលាព្រឹកព្រលឹម ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញនេះ ដោយអ្នកធ្វើចំការ ដែលធ្វើដំណើរប្រទះឃើញ។

សាកសពអ្នកគ្រូក្រមុំ ខាងលើនេះ ដោយបានគេស្គាល់ឈ្មោះ ផែន សុភាវី អាយុ ២៣ឆ្នាំ មានទីលំនៅ ក្នុងស្រុកភូមិកើតហេតុ និងមានមុខរបរជាគ្រូបង្រៀន ភាសាអង់គ្លេស នៅក្រុងតាខ្មៅ និងស្នាក់នៅផ្ទះជួល ក្បែរកន្លែងបង្រៀន។

តាមសាក្សីបានឲ្យដឹងថា នៅវេលាម៉ោង ប្រមាណ៦ព្រឹក ខណៈពួកគាត់នាំគ្នា ធ្វើដំណើរទៅចំការ ក៏ប្រទះឃើញ សាកសពស្រ្តីវ័យក្មេងខាងលើ ដេកស្លាប់នៅ ក្បែរចិញ្ចើមផ្លូវ ដោយមានស្នាមមុខរបួស និងឈាមហូរជោក ក៏បានរាយការណ៍ ប្រាប់សមត្ថកិច្ច ចុះទៅធ្វើការត្រួតពិនិត្យ។

នៅលើខ្លួនសាកសព គេពិនិត្យឃើញមាន ស្នាមចាក់ដោយកាំបិតចំនួន ២៨កន្លែង សើ្ទរតែសុះពេញដងខ្លួន រួមទាំងមានសម្ភារ ប្រើប្រាស់ផ្ទាល់ខ្លួន នៅរាយប៉ាយ ក្បែរសាកសពផងដែរ។ ក្រោយធ្វើការត្រួតពិនិត្យ សាកសពរួច និងបើកការស៊ើបអង្កេត លើករណីឃាតកម្ម ខាងលើនេះ សមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួន យុវជនម្នាក់ឈ្មោះ រុំ សុងហេង អាយុ ២១ឆ្នាំ មានទីលំនៅភូមិលេខ១ ឃុំប្រាសាទ ស្រុកស្អាង ជាគ្រូបង្រៀនជាមួយ ស្រ្តីរងគ្រោះ ស្នាក់នៅផ្ទះជួល បន្ទប់ក្បែរគ្នា ហើយត្រូវបានគេអះអាងថា ក៏ជាសង្សារនឹងគ្នាផងដែរ។

ប៉ុន្តែក្រោយសមត្ថកិច្ច ធ្វើការឃាត់ខ្លួន យកទៅសួរនាំ ជនសង្ស័យរូបនេះ មិនបានឆ្លើយសារភាព អ្វីនោះទេ តែសមត្ថកិច្ច បានដាក់ការសង្ស័យថា អាចមានពាក់ព័ន្ធទៅនឹង ជនសង្ស័យរូបនេះ ដោយសារតែសមត្ថកិច្ច ពិនិត្យឃើញថា នៅដៃរបស់ជនសង្ស័យ មានស្នាមមុខរបួសដោយកាំបិត ហើយខណៈទៅឆែកឆេរ នៅបន្ទប់ស្នាក់នៅ របស់គេ ក៏បានរកឃើញខោអាវ មានប្រឡាក់ឈាមផងដែរ ។

ពាក់ព័ន្ធទៅនឹងឃាតកម្ម ខាងលើនេះ បើតាមការអះអាង ពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះបានបាត់ចេញ ពីផ្ទះជួល តាំងពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ មកម៉្លេះ ដោយគេមិនបានដឹងថា នាងទៅណានោះឡើយ ព្រោះមិនបានឃើញ នៅក្នុងបន្ទប់ដេក។ លុះស្អែកឡើងក៏មានការភ្ញាក់ផ្អើលឆោឡោ ថាស្រ្តីរងគ្រោះ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្បែរចំការអ្នកស្រុក ដោយមានស្នាមចាក់ជា ច្រើនកាំបិតតែម្តងទៅ ៕

ដកស្រង់ពី៖ ដើមអម្ពិល