Social Network

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ យក​ឡា​ម​កាត់​ខ្សៃ​កាបូប លួច​ទូរ​សព្ទ​ជនបរទេស នៅ​សួនច្បារ​មាត់ទន្លេ

រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម Tiktok និងព័ត៌មានតាមបណ្តាញសង្គម មានករណីជនបរទេសម្នាក់ត្រូវបានចោរឆក់កាបូប លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវស៊ើបអង្កេត ស្រាវជ្រាវឃាត់ជនសង្ស័យម្នាក់ និងរកឃើញថា ករណីនេះ មិនមែនជាករណីឆក់នោះទេ គឺករណីជនបរទេស ដែលជាជនរងគ្រោះ បានដេកលក់ លើបង់នៅសួនច្បារមាត់ទន្លេ ត្រង់ចំណុចផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ត្រូវបានជនសង្ស័យឈ្មោះ ខុំ ចាន់ ហៅអាខឿន ភេទប្រុស យកឡាម កាត់ខ្សៃកាបូប និងលួចទូរសព្ទដៃ ។

ជនសង្ស័យឈ្មោះ ខុំ ចាន់ ហៅអាខឿន ភេទប្រុស ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ នៅចំណុចផ្លូវលេខ៥ កែងផ្លូវ១៥៤ សង្កាត់ផ្សារកណ្តាល១។ វត្ថុតាងដកហូតរួមមាន ៖ បាស្ព័រ ចំនួន០១, កាត់ATM ចំនួន០២ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ជាមួយគ្នានេះដែរ សូមជនរងគ្រោះ ដែលជាជនបរទេសមកទទួលសម្ភារៈ ដែលបានបាត់នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ៕

ដកស្រង់ពី៖កោះសន្តិភាព