Social Network

ម្ចាស់ដេកចុចទូរស័ព្ទ ក៏ឮសំឡេងម៉ូតូ​ខ្លួនមានអ្នកជិះចេញ លុះក្រោកទៅមើលស្រែកផ្អើល

រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ត្រូវបានអ្នកភូមិឡោមព័ទ្ធចាប់បានរួចវា.យសំព.ង បណ្ដាលឱ្យរងរបួសបែកចិញ្ចើម ហើមក្បាលហូរឈាមពេញខ្លួន មុនពេលប្រគល់ជូននគរបាល ចំណែកបក្ខពួកម្នាក់ទៀតមានសំណាងរត់រួច ។

ក្រោយពេលពួកនេះចូលទៅធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូ១គ្រឿងដល់មុខផ្ទះមួយកន្លែងបានសម្រេច ហើយព្យាយាមជិះគេចខ្លួន ប៉ុន្តែត្រូវម្ចាស់ឃើញទាន់ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខA44 ផ្លូវបេតុង បុរីឈូកវ៉ា២ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះផា ចាន់ធី ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសបែកចិញ្ចើមឆ្វេង ឈាមច្រម៉ុះ និងហើមក្បាលពីក្រោយ។ បក្ខពួកម្នាក់ទៀតឈ្មោះទីន ភេទប្រុស អាយុប្រហែល៣២ឆ្នាំ ស្នាក់នៅម្តុំផ្សារស៊ិនជូរីផ្លាហ្សា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កំពុងរត់គេចខ្លួន។ នគរបាលដកហូតវត្ថុតាងមួយចំនួនរួមមាន ឧបករណ៍សម្រាប់កាច់សោ ក ម៉ូតូ១កំប្លេ, ទូរសព្ទដៃម៉ាកOPPO ១គ្រឿង និងម៉ូតូរបស់ជនរងគ្រោះផងដែរ។ ក្រុមនេះបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1M-6904 ដែលជាកម្មសិទ្ធិរបស់យុវជនម្នាក់ឈ្មោះសន ច័ន្ទថេង មុខរបរជាងដែក ។មានទីលំនៅផ្ទះលេខA47 ផ្លូវបេតុង បុរីឈូកវ៉ា២ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ យុវជនម្ចាស់ម៉ូតូបានប្រាប់ឱ្យនគរបាលដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូចេញពីកន្លែងធ្វើការទៅសម្រាកនៅផ្ទះ ហើយពេលទៅដល់បានទុកម៉ូតូនៅមុខផ្ទះកើតហេតុខាងលើ ដោយចាក់សោ ក ត្រឹមត្រូវ ។ បន្ទាប់មកបានចូលទៅហូបបាយជុំគ្រួសារនៅក្នុងផ្ទះ។

ក្រោយហូបបាយរួចខ្ញុំបានដេកចុចទូរស័ព្ទលេង រហូតដល់ពេលកើតហេតុស្រាប់តែឮសំឡេងម៉ូតូរបស់គាត់មានអ្នកជិះចេញ ពេលនោះខ្ញុំក៏បានក្រោកមើលឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្ញុំ។

យុវជននេះបាននិយាយបន្តទៀតថា ពេលឃើញដូច្នេះខ្ញុំក៏បានរត់ដេញតាមជនសង្ស័យ និងស្រែកឆោឡោ ហៅឪពុកក្មេកឱ្យជួយ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់អ្នកភូមិនាំគ្នាជួយដេញចាប់បាន។ ពេលនោះអ្នកភូមិជាច្រើននាក់ បានវាយទាត់ជនសង្ស័យម្នាក់១ដៃ១ជើង បណ្ដាលឱ្យរងរបួស ចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនរួច។ ក្រោយពេលចាប់ខ្លួន ជនសង្ស័យខាងលើត្រូវបាននគរបាលនាំទៅសាកសួរនិងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តធ្វើការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនបក្ខពួកម្នាក់ដែលកំពុងរត់គេចខ្លួន ៕

ដកស្រង់ពី៖កោះសន្តិភាព