Social Network

ទីបំផុត​! សមត្ថកិច្ច​ឃាត់ខ្លួនជន​បង្ក​​ហើយ ករណី​បើករថយន្ត​បុក​ម៉ូតូ​ស្លា​.​ប់ម្នាក់ និង​របួស​២​នាក់ លើ​ផ្លូវ​៦០​ម៉ែត្រ

រាជធានីភ្នំពេញ ៖ ទីបំផុត! នៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ ឈ្មោះHUANG PENG ភេទប្រុស ជនជាតិចិន មុខរបរ អ្នកត្រួតពិនិត្យបច្ចេកទេសយានយន្ត នៅម្ដុំអូឡាំព្យា ខណ្ឌ៧មករា នៅចំណុចបុរី R & F ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

ចំណែកឯ រថយន្តបង្ក ត្រូវបាននាំយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ណ្ដាលឱ្យរងរបួសស្រាលចំនួន០២នាក់ និងស្លា.ប់ក្មេងស្រីម្នាក់ ។

សូមជម្រាបថា នៅវេលាម៉ោង០៩និង០៥នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានស្រាវជ្រាវរកឃើញ រថយន្តបង្កហើយ ម៉ាក HILUX REVO ស្លាកលេខភ្នំពេញ 2AQ-1520 ដែលបើកបុកម៉ូតូម៉ាក HONDA CUB-50 ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AV-8317 ដោយជនបង្ក បានបើកយកមកចតប្លុងចោល នៅមុខអាគារ បុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ «លោក ជួន ណារិន្ទ ឲ្យម្ចាស់រថយន្តបុកម៉ូតូស្លា.ប់ម្នាក់ និងរបួស២នាក់ លើផ្លូវ៦០ម៉ែត្រ ចូលសារភាពជាបន្ទាន់!» ៖ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យម្ចាស់រថយន្តបង្ក ម៉ាក HILUX REVO ស្លាកលេខភ្នំពេញ 2AQ-1520 ពណ៌ស ដែលបើកបុកម៉ូតូម៉ាក ហុងដាគុប ពណ៌ខៀវ ត្រូវចូលខ្លួនមកសារភាព និងទទួលខុសត្រូវចំពោះមុខច្បាប់ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ ។ សូមរម្លឹកថា មុនពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញ ឪពុកបើកបរម៉ូតូអាគុបស៊េរីចាស់ ដឹកកូនប្រុសស្រី២នាក់ ទៅយកប្រពន្ធចេញពីធ្វើការនៅផ្សារទំនើប AEON-3 ប៉ុន្តែមិនទាន់ទៅដល់ផង ត្រូវរថយន្តម៉ាក HILUX REVO ស្លាកលេខភ្នំពេញ 2AQ-1520 ពណ៌ស បើកលឿនដូចហោះ បុកពីក្រោយម៉ូតូជនរងគ្រោះ និងអូសទាំងមនុស្ស និងម៉ូតូឡើងចិញ្ចើមផ្លូវ បណ្ដាលឲ្យកូនស្រីស្លា.ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ រីឯឪពុកនិងកូនប្រុសតូចបានរបួស។ ចំណែករថយន្ត បន្ថែមល្បឿនបើករត់បាត់ ។

ជនរងគ្រោះជាឪពុកឈ្មោះ សោម សីហាក់ អាយុ៣៥ឆ្នាំ រងរបួស ជាអ្នកបើកម៉ូតូគុប ស៊េរីចាស់ ពណ៍ទឹកប៊ិចចាស់ ដឹកកូនប្រុសម្នាក់ជិះខាងមុខឈ្មោះ សោម សុវណ្ណបញ្ញា អាយុ៤ឆ្នាំ រងរបួសបែកក្បាល និងពកក្បាលពីក្រោយ ចំណែកកូនស្រីម្នាក់ទៀត ជិះឱបចង្កេះពីក្រោយឈ្មោះ សោម បញ្ញាលីកា អាយុ១១ឆ្នាំ (ស្លា.ប់)ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង០៣នាក់ ត្រូវបានប្រជាពលរដ្ឋហៅកង់បីដឹកបញ្ជូនទៅពេទ្យ ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យគន្ធបុប្ផាដែរ ប៉ុន្តែអកុសលដោយស្ថានភាពរបួសធ្ងន់ធ្ងរពេកបានផុតដង្ហើមទៅ ។ ម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ជើងឯក ចុះទៅយកទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំផ្នែកជំនាញចរាចរណ៍ខណ្ឌដង្កោ ធ្វើការជាបន្ត ៕

ដកស្រង់ពី៖កោះសន្តិភាព