Social Network

ក្រោយជនម្នាក់លួ.ចទូរស័ព្ទជនបរទេសនៅមាត់ទន្លេ សារភាព បែកធ្លាយបុគ្គលិកហាងលក់ទូរស័ព្ទម្នាក់ទៀត​

រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌដូនពេញបានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ម្នាក់ជាអ្នកធ្វើសកម្មភាពលួច និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម( ទទួលទិញរបស់ចោរ)។

គួររំលឹកថា ឃាត់ខ្លួនជនសង្ស័យម្នាក់ យកឡាមកាត់ខ្សៃកាបូប លួចទូរសព្ទជនបរទេស នៅសួនច្បារមាត់ទន្លេ ប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជាបន្តបន្ទាប់នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចហាងលក់ទូរស័ព្ទយីហោ ឋានសួគ៍២ ដែលមានទីតាំងផ្លូវ១៤៣កែងផ្លូវ១៥ សង្កាត់ផ្សាកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់ ក្នុងនោះម្នាក់ឈ្មោះ ខុំ ចាន់ ហៅអាខឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពលួចយកកាបូបស្ពាយ របស់ជនបរទេស។

ជនសង្ស័យ ឈ្មោះ គឹម ចាន់តុលា ភេទប្រុស អាយុ២៩ឆ្នាំ បុគ្គលិកហាងលក់ទូរស័ព្ទយីហោ ឋានសួគ៌២ ទទួលផលចោរកម្ម ទិញទូរស័ព្ទពីជនសង្ស័យ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាងជំនាញស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យដែលធ្វើសកម្មភាពលួចកាបូបជនជាតិបរទេស នៅម្តុំមាត់ទន្លេ និងបានសួរចម្លើយ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកទូរស័ព្ទម៉ាក Iphone12 ពណ៌ក្រហម(ជាប់ICLOUD) ទៅលក់អោយហាងលក់ទូរស័ព្ទ យីហោ ឋានសួគ៌២ បានប្រាក់ចំនួន២០ដុល្លារ ។

ក្រោយមកកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបុរសម្នាក់ទៀត ជាបុគ្គលិកហាងលក់ទូរស័ព្ទយីហោ ឋានសួគ៍២ ដែលមានទីតាំងផ្លូវ១៤៣កែងផ្លូវ១៥ សង្កាត់ផ្សាកណ្តាលទី១ ។

សូមបញ្ជាក់ថា កាលពីវេលាយប់ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៤ ជនសង្ស័យ បានធ្វើសកម្មភាពលួចយកកាបូបស្ពាយ ជនរងគ្រោះម្នាក់ជាជនបរទេសបានសម្រេច ខណៈពេលដែលជនរងគ្រោះ ដេកលក់នៅលើបង់ថ្ម ក្នុងទីសាធារណ: នៅម្តុំមាត់ទន្លេ ។ លុះរហូតដល់វេលាយប់រំលងអាធ្រាត្រ ជនរងគ្រោះបានភ្ញាក់ដឹងខ្លួន ទើបឆោឡោថាបាត់កាបូប តែម្ដង៕

ដកស្រង់ពី៖កោះសន្តិភាព