Social Network

អាជ្ញាធរ​ខេត្តកំពង់ចាម ចុះ​ទប់ស្កាត់ និង​ចាត់វិធាន​លើ​បុគ្គល​ម្នាក់ ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេមេគង្គ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត

ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចាត់វិធានការជាបន្ទាន់ ក្រោយចុះទប់ស្កាត់សកម្មភាពចាក់ថ្ម រំលោភចូលផ្ទៃទន្លេមេគង្គ ដោយខុសច្បាប់ របស់បុគ្គលមួយរូប ប្រុងយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលមានទីតាំងស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

រដ្ឋបាលខេត្តកំពង់ចាម បានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីចាក់ថ្ម ចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ភ្លាមៗ រដ្ឋបាលខេត្ត បានចាត់តាំងលោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ផ្តិតយករូបភាព ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញថា ពិតជាមានសកម្មភាពចាក់ថ្ម ចូលផ្ទៃទន្លេ ពិតប្រាកដមែន! ដោយសកម្មភាពនេះ បានដំណើរការតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ មកម្លេះ ។

រដ្ឋបាលខេត្តកំពង់ចាម អោយដឹងបន្តថា ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេ ប្រវែង៥៥ម៉ែត្រ និងគ្រោងចាក់បណ្ដោយទន្លេប្រវែង ២៩៤.៦ម៉ែត្រ (បច្ចុប្បន្ន ទើបចាក់បានប្រវែង ១៣០ម៉ែត្រ)។ ហើយសកម្មភាព នៃការចាក់ថ្ម ចូលផ្ទៃទន្លេនេះ គឺពុំ មានច្បាប់អនុញ្ញាតឡើយ ។

រដ្ឋបាលខេត្តកំពង់ចាម ក៏បានចាត់វិធានការបន្ទាន់ សោយកំណត់ឲ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្ម ចូលផ្ទៃទន្លេនេះ ត្រូវតែអនុវត្ត ដូចខាងក្រោម ៖ ១. បញ្ឈប់សកម្មភាពចាក់ថ្ម ចូលផ្ទៃទន្លេ ដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ ។ ២. ត្រូវធ្វើការកាយ និងយកថ្ម ដែលបានចាក់រួចហើយនោះ ចេញវិញឲ្យអស់ ក្នុងរយៈពេលយ៉ាងយូរ ៧០ថ្ងៃជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយសម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក ។

៣. ភាគីម្ចាស់ដី ត្រូវរាយការណ៍អំពីវឌ្ឍនភាព នៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្តង នៅរៀងរាល់ចុងខែនីមួយៗ ហើយក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះធ្វើការពិនិត្យតាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្តង ឬតាមពេលវេលាជាក់ស្តែង ។

រដ្ឋបាលខេត្ត បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានផ្តល់ព័ត៌មានពិតប្រាកដ ហើយទាន់ហេតុការណ៍ មកឲ្យរដ្ឋបាលខេត្ត ដើម្បីមានវិធានទប់ស្កាត់ នូវបទល្មើសនានា ក្នុងខេត្តកំពង់ចាម និងសូមបញ្ជាក់ថា ចំពោះករណីនេះ គ្រាន់ជាវិធានការបឋមប៉ុណ្ណោះ។ ជាវិធានការបន្ទាប់ គឺរដ្ឋបាលខេត្តកំពុងសិក្សាតាមផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើសបន្ថែមទៀត ៕

ដកស្រង់ពី៖កោះសន្តិភាព