Social Network

គូស្នេហ៍​ប្រុស​ស្រី​ នាំគ្នាទៅឆ្កឹះ​សោ​ទ្វារ​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ២​ថ្ងៃក្រោយ​អស់លក្ខណ៍

រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ បានធ្វើសកម្មភាព ឆ្កឹះសោទ្វាររបងផ្ទះមួយកន្លែង ចូលលួចទ្រព្យសម្បត្តិ ប៉ុន្តែលួចយកបានតែកុំព្យូទ័រលេបថប ១គ្រឿងតែប៉ុណ្ណោះ បន្ទាប់មកបាននាំគ្នាគេចខ្លួនបាត់។ លុះគេចខ្លួនបានរយៈពេល២ថ្ងៃក្រោយមកត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវឃើញ និងតាមចាប់ខ្លួនដល់ក្នុងបន្ទប់ជួល ដែលអ្នកទាំង២ កំពុងស្នាក់នៅតែម្ដង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុច ផ្ទះលេខ០៦D ផ្លូវបេតុងបុរីចំការដូង ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ រួមមាន ៖ ទី១-ឈ្មោះ មាស ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ និងទី២-ឈ្មោះ ភិន ស្រីអូន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង២ គឺជាគូស្នេហ៍នឹងគ្នា ស្នាក់នៅផ្ទះជួលភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ចំណែកជនរងគ្រោះឈ្មោះ ចែម ផល្លា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះកើតហេតុខាងលើសម្ភារៈបាត់បង់ កុំព្យូទ័រលេបថបម៉ាក TOKYO ពណ៍ប្រផេះ០១គ្រឿង ។

មន្ត្រីនគរបាល បានប្រាប់ឲ្យដឹងថា កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈអ្នកទាំង២ កំពុងស្នាក់នៅក្នុងផ្ទះជួល ផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ដោយដកហូតយកបានម៉ូតូម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CZ-3345 មួយគ្រឿង និងទួនណាវីស ០១ដើម ។

មន្ត្រីនគរបាលដដែល បានប្រាប់បន្តថា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះ និងក្រុមគ្រួសារបាននាំគ្នាចូលដេកនៅបន្ទប់ជាន់ទី១ ដោយបានចាក់សោទ្វាររបង ប៉ុន្តែមិនបានចាក់សោរទ្វារផ្ទះនោះទេ គ្រាន់តែបិទធម្មតាប៉ុណ្ណោះ។ លុះដល់វេលាម៉ោង១និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្រាប់តែឮសំឡេងឆ្កែព្រុសខ្លាំងៗ រហូតធ្វើឲ្យជនរងគ្រោះ ភ្ញាក់ពីដំណេក ហើយបានឃើញទ្វារផ្ទះរបស់ខ្លួនបើកចំហរ ។ មន្ត្រីនគរបាល ប្រាប់ទៀតថា ខណៈនោះជនរងគ្រោះ ក៏បានដើរចេញពីក្នុងបន្ទប់ ដើរមើលស្រាប់តែបាត់កុំព្យូទ័រ LAPTOP ម៉ាកTOKYO ១គ្រឿង ដែលទុកនៅលើតុក្បែរទ្វារផ្ទះ ទើបដឹងថា មានចោរចូលលួច។ បន្ទាប់មក ក៏បានពឹងអ្នកជិតខាងឲ្យជួយឆែកកាមេរ៉ាសុវត្ថិភាព មើលស្រាប់តែបានឃើញជនសង្ស័យ ទាំង២នាក់ខាងលើ ជិះម៉ូតូម៉ាក SUZUKI NEX ពណ៌ស ១គ្រឿង មកធ្វើសកម្មភាពឆ្កឹះសោទ្វាររបងផ្ទះ រួចចូលលួចយកកុំព្យូទ័រ នៅក្នុងផ្ទះរបស់គាត់ ។

ប្រភពដដែល បានប្រាប់បន្ថែមទៀតថា បន្ទាប់មក បុរសរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលដង្កោ ហើយកម្លាំងនគរបាលប៉ុស្តិ៍ដង្កោ និងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៣និង៤០នាទីរសៀល ទើបឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ រួចនាំទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព