Social Network

ចាប់ចោរ​ប្រុសស្រី ៣​នាក់ បញ្ជូន​ទៅ​តុលាការ ករណី​ជិះ​កង់​ទៅ​លួច​ម៉ូតូ នៅ​កន្លែង​ផ្ញើ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ចតុមុខ

រាជធានីភ្នំពេញ ៖ ជនសង្ស័យជាចោរប្រុសស្រី ចំនួន៣នាក់ ពាក់ព័ន្ធករណីជិះកង់ចូលទៅលូចម៉ូតូ នៅកន្លែងផ្ញើកង់ម៉ូតូរបស់មន្ទីរ ពេទ្យបង្អែកចតុមុខ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានកម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅសាលាដំបូងរាជធានភ្នំពេញ ។

ដោយទទួលបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរៈសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យដឹកនាំផ្ទាល់ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ ពាក់ពន្ធករណីលួចម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JF-8172 មួយគ្រឿង នៅចំណុចកន្លែងផ្ញើកង់ម៉ូតូ ក្នុងមន្ទីរពេទ្យបង្អែកចតុមុខ ដែលស្ថិតតាមផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យ ទាំង៣នាក់នោះ ៖ ១.ឈ្មោះ ង្វៀង ង៉ុកឡាំង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរទិញ.លក់អេតចាយ មានទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ២.ឈ្មោះ ង្វៀង ធីយ៉ាង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

៣.ឈ្មោះ ស័ក្ត វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ពេលឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូត ៖ -ដែកសំប៉ែតចុងស្រួច មានដងរាងអក្សរអិល (ឧបករណ៍សម្រាប់ធ្វើសកម្មភាពកាច់សោកុងតាក់លួចយកម៉ូតូ) ចំនួន១ -គ្រឿងញៀនម៉ាទឹកកក ចំនួន ១កញ្ចប់តូច ។ ជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូ មានឈ្មោះ តុង ស្រីស ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរលក់ដូរ ។ សមត្ថកិច្ច បានអោយដឹងថា កាលពីពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានចោរចូលលួចម៉ូតូ១គ្រឿង ដូចភិនភាគ ដែលបានរៀបរាប់ខាងលើ នៅកន្លែងផ្ញើកង់ម៉ូតូ ក្នុងមន្ទីរពេទ្យបង្អែកចតុមុខ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ។ បន្ទាប់មកជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ច ទើបសមត្ថកិច្ចបើកការស្រាវជ្រាវ និងឃាត់បានជនសង្ស័យរហូតដល់ទៅ៣នាក់ ។

សមត្ថកិច្ច អោយដឹងទៀតថា ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពប្រហាក់ប្រហែលគ្នាថា វេលាម៉ោងប្រហែល១២និង៤០នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ ង្វៀង ង៉ុកឡាំង និងបក្ខពួកម្នាក់ទៀត បាននាំគ្នាជិះកង់ចេញពីផ្ទះជួលទៅសួរសុខទុក្ខអ្នកស្គាល់គ្នា ដែលកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកចតុមុខ។ ហើយពេលទៅដល់ទីនោះ ជនសង្ស័យបានយកកង់ទៅទុកនៅកន្លែងផ្ញើកង់ម៉ូតូក្នុងមន្ទីរពេទ្យ ហើយអ្នកទទួលផ្ញើកង់ម៉ូតូក្នុងមន្ទីរពេទ្យ ក៏បានកឹបសំបុត្រ និងប្រគល់ចុងសំបុត្រឲ្យទៅជនសង្ស័យ រួចជនសង្ស័យ ក៏នាំគ្នាដើរចូលទៅក្នុងមន្ទីរពេទ្យ។ រហូតដល់វេលាម៉ោង១និង៣០នាទីយប់ថ្ងៃដដែល ជនសង្ស័យក៏នាំគ្នាចេញទៅវិញ ដោយបានទៅយកកង់នៅកន្លែងផ្ញើ តែឆ្លៀតឱកាសពេលនោះ បានឃើញម៉ូតូ១គ្រឿង ដែលដាក់ផ្ញើនៅកន្លែងផ្ញើកង់ម៉ូតូ មានកូនសោម៉ូតូជាប់ស្រាប់ ជនសង្ស័យបានដោះយកសំបុត្រផ្ញើកង់របស់ខ្លួន ទៅកឹបលើម៉ូតូរបស់ជនរងគ្រោះ ហើយដកយកកូនសោម៉ូតូដើរចេញមកខាងក្រៅ រួចបាមហៅឈ្មោះ ង្វៀង ធីយ៉ាង (ភេទស្រី) ឲ្យទៅជួបនៅមុខមន្ទីរពេទ្យ និងបានហុចកូនសោម៉ូតូ និងកន្ទុយសំបុត្រផ្ញើកង់ ដែលបានយកទៅកឹបលើម៉ូតូដើម្បីជិះចេញ ។

ចម្លើយសារភាពបន្តថា នៅពេលឈ្មោះ ង្វៀង ធីយ៉ាង បន្លំលួចយកម៉ូតូនោះបានហើយ ក៏ចេញទៅជួបឈ្មោះ ង្វៀង ង៉ុកឡាំង រួចឌុបគ្នាទៅជួបឈ្មោះស័ក្ត វណ្ណា នៅម្តុំលូទឹកស្អុយ សង្កាត់ទួល សង្កែ១ ខណ្ឌឬស្សីកែវ ដើម្បីឲ្យឈ្មោះ ស័ក្ត វណ្ណា ជួយរកអ្នកទិញម៉ូតូយកប្រាក់ចែកគ្នា។ លុះព្រឹកឡើងថ្ងៃដដែល ពួកគេទាំង៣នាក់ បាននាំគ្នាជិះម៉ូតូយកទៅលក់ឲ្យឈ្មោះ សី ភេទប្រុស អាយុប្រហែល ៣៨ឆ្នាំ នៅផ្សារស័ង្កសី ផ្លូវជាតិលេខ៣ ស្រុកសំរោង ខេត្តតាកែវ។ ឈ្មោះ សី ក៏បានពិនិត្យមើលម៉ូតូរួចហើយ ក៏ព្រមព្រៀងតម្លៃ ៣០០ដុល្លារអាមេរិក តែពេលនោះអ្នកទិញ មិនទាន់បានប្រគល់ប្រាក់ឲ្យជនសង្ស័យទេ ពួកគេក៏ជិះម៉ូតូកង់បីត្រឡប់មកភ្នំពេញវិញ ហើយចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន។

រហូតដល់វេលារសៀល ឈ្មោះ សី បានផ្ញើប្រាក់ថ្លៃទិញម៉ូតូនោះឲ្យមកឈ្មោះ ស័ក្ត វណ្ណា តាមវីងចំនួន ៣០០ដុល្លារអាមេរិក លុះដល់ល្ងាច ឈ្មោះ ស័ក្ត វណ្ណា បានហៅឈ្មោះ ង្វៀង ង៉ុកឡាំង ប្រគល់ប្រាក់ថ្លៃលក់ម៉ូតូចំនួន ៩០០,០០០រៀល និងប្រាប់ថា វាដកយកប្រាក់ជាចំណែករបស់វាចំនួន ៣០០,០០០រៀល ។ បន្ទាប់ពីបានស្តាប់ចម្លើយពាក់ព័ន្ធបទល្មើសលួចជាក់ស្តែង និងស្របតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ទើបសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព