Social Network

​ហ៊ានដល់ម៉្លឹង! ​ចូលសួរសុខទុក្ខ បែរជាលា.ក់​ថ្នាំ​ញៀ.ន​យក​ទៅ​ឱ្យ​ទណ្ឌិត​ តែ​ត្រូវបែកការណ៍

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអនុរក្សពន្ធនាគារខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួន ក្រោយរកឃើញគ្រឿងញៀ.ន១១កញ្ចប់ ពេលចូលសួរសុខទុក្ខទណ្ឌិត។

ការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង២០នាទីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ។

យោងតាមមន្ត្រីអនុរក្សពន្ធនាគារខេត្តកំពង់ស្ពឺបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ាន់ យូរី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្នុងភូមិចម្ការរត្ន័ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យត្រូវបានឃាត់ខ្លួន បន្ទាប់ពីឆែកឆេររកឃើញគ្រឿងញៀ.នចំនួន១១កញ្ចប់ ពេលដែលជនសង្ស័យចូលសួរសុខទុក្ខទណ្ឌិតឈ្មោះ ស៊ិន សុខុម ដែលជាប់ទោសពីបទរក្សាទុក និងជួញដូរគ្រឿងញៀ.ន។ មន្ត្រីអនុរក្សពន្ធនាគារបានបន្ថែមទៀតថា ជនសង្ស័យដែលបានឃាត់ខ្លួន ធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារខេត្តកំពង់ស្ពឺ ចំនួន២ឆ្នាំ ពីបទរក្សាទុកនិងជួញដូរគ្រឿងញៀ.ន ។

ពេលជនសង្ស័យចូលមកសុំជួប និងសួរសុខទុក្ខទណ្ឌិតខាងលើ ដោយសង្ស័យមន្ត្រីអនុរក្សក៏បានសុំឆែកឆេរខ្លួន ក៏រកឃើញគ្រឿងញៀ.ន ដែលដាក់ជាប់ខ្លួនតែម្ដង។ ក្រោយរកឃើញ មន្ត្រីអនុរក្សក៏បានរាយការណ៍ និងសុំឱ្យមន្ត្រីនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នាំខ្លួននិងចាត់ការបន្តតាមនីតិវិធី។ ជាមួយនិងការចាប់ខ្លួនជនសង្ស័យគ្រឿងញៀ.ននេះដែរ មតិមហាជនបានដាក់ការសង្ស័យថា តើជនសង្ស័យនាំចូលទៅក្នុងពន្ធនាគារ ដើម្បីចែកចាយក្នុងនោះ ឬដើម្បីឱ្យទណ្ឌិតប្រើប្រាស់ និងប៉ុន្មានដងហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព