Social Network

ឮសំឡេងកាំភ្លើ.ង​ច្រើនគ្រាប់​ លាន់​ផ្អើល​ភូមិ ​ពេល​សមត្ថកិច្ចតាមចាប់ជនសង្ស័យ១ក្រុម

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចបានបា.ញ់ចំនួន៣គ្រាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក្នុងប្រតិបត្តិការតាមចាប់ជនសង្ស័យ៣នាក់ ដែលព្យាយាមរត់គេចរហូតឃាត់បានសម្រេច ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២ ស្ថិតនៅក្បែរឃ្លាំងអេតចាយ១កន្លែង លើកំណាត់ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលស្ថិតនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងកាំភ្លើងបា.ញ់ចំនួន២ទៅ៣គ្រាប់ លាន់ពេញភូមិ អំឡុងម៉ោង២រំលងអធ្រាត្រ។

ភ្លាមៗនោះអ្នកភូមិបាននាំគ្នារត់ចេញមកក្រៅផ្ទះ ស្រាប់តែឃើញសមត្ថកិច្ចប្រដាប់ទៅដោយអាវុធ និងមានពាក់អាវក្រោះ ដេញតាមចាប់ជនសង្ស័យ៣នាក់ ខណៈឃាត់ខ្លួនបាន២នាក់ និងម្នាក់ទៀតផ្លោះរបងរត់គេចខ្លួនបាត់។ បើតាមប្រភពពីអ្នកដឹកជញ្ជូន១ក្រុមដែលអង្គុយផឹកស៊ីនៅក្បែរនោះបានឱ្យដឹងថា ក្នុងពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះ ស្រាប់តែពួកគាត់ប្រទះឃើញបុរសម្នាក់ ពាក់អាវស សម្ដែងជាដើរធម្មតា ហាក់ដូចមិនដឹងរឿងអី ទំនងគួរឱ្យសង្ស័យ ក៏រាយការណ៍ជូនសមត្ថកិច្ច ទើបនាំគ្នាដេញប៉ផាប់ចាប់ពភីង រហូតឃាត់បានសម្រេច។

សមត្ថកិច្ចមូលដ្ឋានបានបន្ថែមថា មុនពេលឈានដល់ការឃាត់ខ្លួន សមត្ថកិច្ចកំពុងតែល្បាតក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញជនសង្ស័យទាំង៣នាក់ ជិះម៉ូតូឌុបគ្នា ដោយម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HL-7029 ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ឆ្លងកាត់ពួកគាត់។

ដោយមានការសង្ស័យ ទើបសមត្ថកិច្ចហៅសួរនាំ ស្រាប់តែជនសង្ស័យទាំង៣នាក់ ជិះម៉ូតូគេចតែម្ដង ព្រមទាំងកៀរម៉ូតូប៉ូលិសថែមទៀត រហូតដួលម៉ូតូខ្លួនឯង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ឆែកមើលក៏ឃើញមានវត្ថុតាងមួយចំនួន សង្ស័យជាឧបករណ៍សម្រាប់ធ្វើសកម្មភាពពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ។ ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៣នាក់ រួមទាំងម៉ូតូ និងវត្ថុតាងមួយចំនួន ទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធីផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព