Social Network

ឃាត់ខ្លួន​អ្នក​ភូមិ​ ៦​នាក់ ព្រួត​គ្នា​វាយ​ជនបរទេស​ម្នាក់​ស្លា​.​ប់​ក្នុង​បន្ទប់​ជួល នៅ​ខណ្ឌដូនពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ជាជនបរទេសទួរគី ត្រូវបានប្រជាពលរដ្ឋក្នុងភូមិ ព្រួតគ្នាវាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យស្លា.ប់នៅបន្ទប់ជួល ខណៈពេលជនបរទេសរូបនោះ អង្គុយជក់បារីនៅលើបន្ទប់ហើយទម្លាក់ចានមកក្រោម ត្រូវបុរសជាម្ចាស់ផ្ទះ ដែលកំពុងអង្គុយផឹកស៊ី នៅខាងក្រោមនោះ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន០៦នាក់ ។

ករណីហិ.ង្សាដោយចេតនានេះ កើតឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈាន ចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្បែរផ្សារសូរិយាម៉ល ផ្លូវលេខ៥១ ក្នុងភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ UFUK ONTURK អាយុ៥៣ឆ្នាំ ជនជាតិទួរគី ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាទៅកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ឈានដល់បង្ក្រាបករណីហិ.ង្សាដោយចេតនា (វាយសម្លា.ប់ជនជាតិទួរគី) ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ នៅចំណុចផ្ទះលេខ១៦អឺ០ហ្សេត ភូមិ១០ សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ ។

ជនសង្ស័យចំនួន០៦នាក់ រួមមាន ៖ ១.ឈ្មោះ ប៉ាវ គន្ធមុន្នី ភេទស្រី ២.ឈ្មោះ វ៉ាន់ ហួត ភេទប្រុស ៣.ឈ្មោះ ប៉ាវ គន្ធសុធា ហៅចូជ ៤.ឈ្មោះ ឃួយ ម៉ិញគាត ភេទប្រុស ៥.ឈ្មោះ ងួន វណ្ណៈ ហៅឆៃ ភេទប្រុស និង៦.ឈ្មោះ ប៉ាវ គន្ធសុធី ភេទប្រុស ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជួនសាលាដំបូងរាជធានី ដើម្បីចាត់ការតាមនីតិវិធី ។ ពាក់ព័ន្ធករណីហិ.ង្សាដោយចេតនាខាងលើនេះ ប្រភពព័ត៌មានពីស្ត្រីជាប្អូនថ្លៃម្ចាស់ផ្ទះម្នាក់ បានឱ្យដឹងថា មុនពេលកើតហេតុបុរសជាបងថ្លៃ និងជាប្តីម្ចាស់ផ្ទះម្នាក់ បានអង្គុយហូបអីតិចតួចនៅខាងក្រោមផ្ទះ។

ក្រោយមកក៏ឃើញបុរសជនបរទេស (ជនរងគ្រោះ) បានអង្គុយជក់បារី នៅខាងលើក្បែរបន្ទប់ជួល។ បន្ទាប់មកពុំដឹងថា បុរសជនបរទេសរូបនោះមានរឿងអ្វីនោះទេ ក៏បានទម្លាក់ចានចុះមកក្រោម ប៊ិះត្រូវបុរសជាកូនម្ចាស់ផ្ទះ។ ពេលនោះ ក៏មានស្ត្រីជាម្ចាស់បន្ទប់ជួល ឡើងទៅមើល និងសួរនាំ បែរជាបុរសជនបរទេសរូបនោះទាញញញួរ វាយទៅលើស្ត្រីរូបនោះ រងរបួសតិចតួច ហើយបុរសជាប្តី ក៏ឡើងទៅជួយ ក៏ត្រូវជនបរទេសរូបនោះវាយនឹងញញួរឲ្យរបួស។

ទង្វើបែបនេះ ធ្វើឱ្យអ្នកភូមិមានកំហឹងយ៉ាងខ្លាំង ក៏បាននាំគ្នាឡើងទៅវាយបុរសជនបរទេសរូបនោះ ដល់ក្នុងបន្ទប់ជួលម្នាក់មួយដៃម្នាក់មួយជើង បណ្ដាលឱ្យដេកស្លា.ប់ក្នុងថ្លុកឈាម រួចក៏បាននាំគ្នារត់គេចចេញពីចំណុចកើតហេតុ បាត់ស្រមោលអស់ទៅ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់យកខ្សែព័ទ្ធជុំវិញទីតាំងកើតហេតុ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកពិនិត្យ រួចហើយ ដឹកសពទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំទំនាក់ទំនងរកសាច់ញាតិនៅពេលក្រោយ ៕

ដកស្រង់ពី៖កោះសន្តិភាព