Social Network

ជិះម៉ូតូ មកលួចទ្រព្យសម្បត្តិគេ ត្រូវអ្នកជិតខាងឃើញ ស្រែកចោរៗ ឃាត់បានម្នាក់ គេចខ្លួនម្នាក់

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវបានប្រជាពលរដ្ឋ ធ្វើការឡោមព័ទ្ធ ដេញចាប់បាន បន្ទាប់ពី ជនសង្ស័យទាំងពីរ ជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាព លួចទ្រព្យសម្បត្តិ ហើយត្រូវអ្នក ជិតខាងឃើញទាន់ ដេញចាប់បាន ម្នាក់ភ្លាមៗ នៅម៉ោង ១៖៤៥នាទី អធ្រាត្រឈាន ចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅ ចំនុចភូមិ ទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ឈ្មោះ ឃិន ស៊ីណា ភេទប្រុស អាយុ ៣៥ឆ្នាំ មានមុខរបរ មិនពិតប្រាកដ រស់នៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងបក្ខពួកម្នាក់ ទៀតកំពុង រត់គេចខ្លួន។

នគរបាលបន្តថា មុនពេល កើតហេតុ ជនសង្ស័យទាំង ពីរនាក់ បានជិះម៉ូតូ ១គ្រឿម៉ាក C125ស៊េរី២០១១ ឡើងតែម២០១៤ ឌុបគ្នាមកឈប់អែប និងផ្ទះប្រជាពលរដ្ឋ រួចហើយបម្រុង ធ្វើសកម្មភាព លួចគាស់ផ្ទះ ដើម្បីលួចយក ទ្រព្យសម្បត្តិ ពេលនោះ អ្នកជិតខាង ឃើញទាន់ រួចស្រែកថា ចោរៗ ទើបធ្វើឲ្យ ជនសង្ស័យ ភ័យស្លន់ស្លោ ម្នាក់ជិះម៉ូតូគេចខ្លួន យកព្រះអាយុ នៅសល់ម្នាក់ ប្រឹងរត់គេចខ្លួនដែរ តែត្រូវប្រជាពល រដ្ឋដេញចាប់បាន រួចប្រគល់ទៅឲ្យ នគរបាលចាត់ការ បន្តទៅតាមផ្លូវច្បាប់។ ក្នុងនោះដែរ គេរកឃើញវត្ថុតាង ម៉ូទ័រស្វាន១ និងផ្លែស្វាន៤ កាបូបស្ពាយតូច១ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ២សន្លឹក។

 បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន ឃុំខ្លួន បណ្តោះ អាសន្ន នៅអធិការ ដ្ឋានស្រុកពញាឮ ដើម្បីកសាង សំណុំរឿង បញ្ជូន មកកាន់ ស្នងការដ្ឋាន ចាត់ការបន្ត ទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី៖ ដើមអម្ពិល