Social Network

​បង្ក្រាប២គោលដៅផ្សេងគ្នា រឹបអូស​ថ្នាំ​ញៀ.ន​ប្រភេទ​​គ្រវី​ជាង​២​គីឡូ

រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១និង៤០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់ជំនាញ ធ្វើការបង្ក្រាបករណី ជួញដូររក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀ.ន នៅ២គោលដៅផ្សេងគ្នា ។

គោលដៅទី១-នៅមុខសណ្ឋាគារកាសា ផ្លូវបេតុង សង្កាត់ទន្លេបា សាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ និងគោលដៅទី២-នៅខុនដូរ R&F ជាន់ទី២៩ បន្ទប់លេខ២៩០៦ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជាលទ្ធផលនៃកិច្ចបង្ក្រាប កម្លាំងជំនាញឃាត់បានជនសង្ស័យម្នាក់ឈ្មោះ តាក ជ័ង (DA ZHANG) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ។

វត្ថុតាងចាប់យកគ្រឿងញៀ.នប្រភេទថ្នាំគ្រវី អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៤៥០.៩១ ក្រាម និងសារធាតុញៀ.នប្រភេទ កេតាមីន (KETAMINE) ទម្ងន់ ១៦២៤.៥២ក្រាម គ្រឿងញៀនប្រភេទ នីមេតាហ្សេប៉ាម (Nimetazepam) ទម្ងន់ ៥,៩៨ក្រាម ។ សរុបសារធាតុញៀនទាំងអស់មានទម្ងន់ ២០៨១.៤១ ក្រាម ជាង(២គីឡូ ៨១.៤១ក្រាម) ។ ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព