Social Network

ជនសង្ស័យពាក់ព័ន្ធ ករណីគ្រឿងញៀន ៧នាក់ រួមនឹងថ្នាំញៀន ម៉ាទឹកក ១២កញ្ចប់ ត្រូវសមត្ថកិច្ចចាប់បាន

កំពង់ឆ្នាំង៖ ជនសង្ស័យ ជាអ្នកចែកចាយថ្នាំញៀន ២នាក់ ប្តីប្រពន្ធ និងអ្នកប្រើប្រាស់ ថ្នាំញៀន ៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកកំពង់ត្រឡាច សហការជាមួយ នគរបាលប្រឆាំង គ្រឿងញៀនខេត្ត តាមប្រមាញ់ចាប់ខ្លួនបាន និងដកហូតបាន ថ្នាំញៀន ម៉ាទឹកកក ចំនួន១២កញ្ចប់។

ប្រតិបត្តិការបង្ក្រាប គ្រឿងញៀននេះ បានធ្វើឡើង នៅម៉ោង១២ និង៣០នាទី រហូតដល់ល្ងាច ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នៅក្នុងភូមិផ្សារត្រាច និងភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យទាំង ៧នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនមកពី ស្រុកកំពង់ត្រឡាច មកស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។

នៅពេលកសាង សំណុំរឿងរួចរាល់ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នេះ ជនសង្ស័យទាំង ៧នាក់ និងវត្ថុតាង នឹងត្រូវបញ្ជូនខ្លួន ទៅកាន់តុលាការខេត្ត ចាត់ការចាត់ការ តាមនីតិវិធីច្បាប់។ សមត្ថកិច្ចនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ក្រោមកិច្ចបញ្ជា ដោយផ្ទាល់របស់ លោក ប្រាក់ វុទ្ធី ស្នងការនគរបាលខេត្ត សមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀន ខេត្តមួយក្រុម បានសហការជាមួយ កងកម្លាំងនគរបាល ស្រុកកំពង់ត្រឡាច បានចុះបង្ក្រាប និងចាប់បានអ្នក ប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់ ចំនួន៥នាក់ នៅភូមិផ្សារត្រាច ហើយទើបឈានទៅចាប់ខ្លួន អ្នកចែកចាយថ្នាំញៀន ២នាក់ប្តី និងប្រពន្ធបានទៀត នៅក្នុងភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច។

ជនសង្ស័យដែល សមត្ថកិច្ចចាប់ខ្លួនបាន៖ ១.ឈ្មោះ អ៊ុង គន្ធា អាយុ៣៦ឆ្នាំ ២. ឈ្មោះ ម៉ក់ សុកនី អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធរបស់ ឈ្មោះ អ៊ុង គន្ធា មានកូនតូច អាយុ៣ខែម្នាក់ ជាអ្នកចែកចាយថ្នាំញៀន រស់នៅក្នុងភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ៣.ឈ្មោះ ធន់ ណាលិក អាយុ១៦ឆ្នាំ ៤.ឈ្មោះ ឆេត សុភី អាយុ១៥ឆ្នាំ ៥.ឈ្មោះ ធន់ គន្ធា អាយុ២២ឆ្នាំ ៦.ឈ្មោះ សយ ចិត្រា អាយុ២១ឆ្នាំ ពួកគេទាំង៤នាក់រស់នៅភូមិផ្សារត្រាច ឃុំលង្វែក និង៧.ឈ្មោះ សុខ វាសនា អាយុ២១ឆ្នាំ រស់នៅភូមិដូនកែវ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

វត្ថុតាងដែល សមត្ថកិច្ចដកហូតបាន ក្នុងពេលបង្ក្រាបមាន៖ ថ្នាំញៀនម៉ាទឹកកក ចំនួន១២កញ្ចប់ ទូរស័ព្ទដៃ ៤គ្រឿង ម៉ូតូ ៣គ្រឿង ម៉ាកហុងដាឌ្រីម ០១៦មួយគ្រឿង និងហុងដាគុប ៧០CC ពីរគ្រឿង អាវុធកែឆ្នៃ ១ដើម និងសម្ភារះសំរាប់ ជក់ថ្នាំញៀន មួយចំនួនទៀត៕

 

ដកស្រង់ពី៖ ដើមអម្ពិល