Social Network

នាយឧត្តម សៅ សុខា ចុះត្រួតពិនិត្យទីតាំង ស្តុកឈើ នៅភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ

ក្រចេះ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តម សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានដឹកនាំឯកឧត្តម សមាជិក នៃគណៈកម្មការជាតិចុះត្រួតពិនិត្យ ទីតាំងស្តុកឈើ នៅភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ រួចបានបន្តចុះត្រួតពិនិត្យនៅខេត្តមណ្ឌលគិរីទៀត។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ អង្គប្រជុំបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ តាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ដោយរៀបចំផែនការយុទ្ធសាស្ត្រ មានយន្តការច្បាស់លាស់ ដើម្បីសម្រេចបាន នូវភារកិច្ចរបស់ខ្លួនដោយជោគជ័យ។ នៅថ្ងៃខែដដែលវេលាម៉ោង១៤និង៣៥នាទី ឯកឧត្តម នាយឧត្តម សៅ សុខា ប្រធានគណៈកម្មការជាតិ ទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បានដឹកនាំសមាជិកនៃគណៈកម្មការជាតិ ចុះដល់ទីតាំងស្តុកឈើនៅខេត្តត្បូងឃ្មុំ ដើម្បីត្រួតពិនិត្យជាក់ស្តែង។

គណៈកម្មការជាតិបានរៀបចំមជ្ឈមណ្ឌលប្រតិបត្តិការ ២៤\២៤ម៉ោង ទទួលព័ត៌មានអំពីបទល្មើសព្រៃឈើ ដែលមានទូរស័ព្ទលេខ៖ ០២៣ ៦៦៦៧៦៦៧, ០២៣ ៦៣៦៧៣៦៧, ០២៣ ៦៦៦៨៦៦៨។ គណៈកម្មការជាតិ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ឱ្យចូលរួមសហការ ផ្តល់ព័ត៌មាន អំពីបទល្មើសព្រៃឈើនេះផងដែរ តាមរយៈលេខទូរស័ព្ទខាងលើ៕

ដកស្រង់ពី៖ ដើមអម្ពិល