Social Network

តាមប្រម៉ាញ់បានម្នាក់ ក្រោយ​គាស់ផ្ទះយកម៉ូតូ២​គ្រឿង ​គេច​ខ្លួនអស់​១អាទិត្យ​

រាជធានីភ្នំពេញ៖ ជនសង្ស័យគាស់ផ្ទះម្នាក់ ក្នុងចំណោមបក្ខ៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនបានកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះយកម៉ូតូបាន២គ្រឿង ហើយគេចខ្លួនបានតែ៧ថ្ងៃប៉ុណ្ណោះ។

ជនសង្ស័យរូបនោះ ត្រូវនគរបាលឱ្យដឹងថា ឈ្មោះ លី ដារ៉ា ហៅ បាវ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥B ផ្លូវលេខ២៥៣ ក្រុមទី២ ភូមិ១ សង្កាត់បឹងកក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ តាមនគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួននៅចំណុចប្លុកច្រកធ្យូង ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញពីបទលួចមានស្ថានទម្ងន់ទោស ដោយការគាស់ទម្លុះទម្លាយ(គាស់ផ្ទះយកម៉ូតូ២គ្រឿង) ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ៨៧៦ ផ្លូវលេខ២០៤ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិនាឆ្នាំ២០២៤ វេលាម៉ោងប្រហែល២និង៥៦នាទីរំលងអាធ្រាត្រ។ តាមនគរបាលឱ្យដឹងទៀតថា ម៉ូតូដែលបាត់បង់ចំនួន២នាក់ រួមមាន៖ ម៉ូតូ១គ្រឿងម៉ាកHonda C125 ស៊េរី2009 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម1B-6782 ជារបស់ជនរងគ្រោះឈ្មោះ ពក បូរិត និងម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ស៊េរីឆ្នាំ2020 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AT-3676 ដែលមានម្ចាស់ឈ្មោះ សយ ពេជ្រ ។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន មួកពណ៌ខ្មៅម៉ាកMood ចំនួន១, កាបូបលុយចំនួន១ ពណ៌សូកូឡា និងដែកសំប៉ែតកែច្នៃសម្រាប់កាច់កម៉ូតូចំនួន១ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព