Social Network

ទីបំផុត​! ចាប់​ជន​ដៃដល់​បាន​ហើយ ករណី​ស​ម្លា​.​ប់​យុវជន​ម្នាក់​ដុត​ឆេះ​ខ្លោច​ក្នុង​រណ្តៅ​សំរាម

រាជធានីភ្នំពេញ ៖ ទីបំផុត! កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវរហូតដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង១៧និង០០នាទីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីសម្លា.ប់ជនរងគ្រោះម្នាក់ ហើយដុតសាកស.ពក្នុងរណ្តៅដុតសំរាម នៅក្រុងប៉ោយប៉ែត ។

សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានទទួលបណ្ដឹងពីឈ្មោះ ហុក ចិន្ដា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដោយបានរាយការណ៍ថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៤ទៀបភ្លឺ ខ្លួនបានបាត់ប្អូនប្រុសម្នាក់ឈ្មោះ ហុក ដុល្លារ អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនម៉ាត ជាមួយនឹងម៉ូតូ១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ក្រហម ផលិតឆ្នាំ២០២៣, ទូរសព្ទ iPhone11 មួយគ្រឿង, ខ្សែដៃផ្លាកទីន ១ខ្សែ និងចិញ្ចៀនផ្លាកទីន ១វង់ ដោយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៩និង០០នាទី ប្អូនប្រុសខ្លួនបានជិះម៉ូតូ ថាទៅដើរលេងនៅក្រៅ រហូតដល់ម៉ោង១២យប់ មិនឃើញចូលផ្ទះឪពុកខ្លួនក៏តេទៅ ថាឆាប់មកផ្ទះ ឈ្មោះ ហុក ដុល្លារ ក៏បានឆ្លើយថា តិចទៅដល់ហើយប៉ា លុះដល់ម៉ោង៤ទៀបភ្លឺ មិនឃើញមកផ្ទះក្រុមគ្រួសារតេ ទូរសព្ទក៏លែងចូល និងសួរមិត្តភក្ដិ និងកន្លែងធ្វើការរបស់ឈ្មោះ ហុក ដុល្លារ ក៏មិនមានអ្នកណាគេដឹង និងគ្មានដំណឹងរហូតមកដល់ឥឡូវ ។

សមត្ថកិច្ចបានបន្តថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដដែលនេះ ប្រជាពលរដ្ឋបានយកសំរាមទៅដុតចោលក្នុងរណ្តៅដុតសំរាម ហើយប្រទះឃើញសាកសពត្រូវដុតចោលក្នុងរណ្តៅ ដែលមានភិនភាគដូចទៅនឹងជនរងគ្រោះខាងលើ ហើយបានរាយការណ៍ជូនសមត្ថកិច្ច ក្រោយពីបានធ្វើកោសល្យវិច័យ គឺសាកស.ពមានសភាព កាត់កដៃ និងកាត់ម្រាមដៃ កាត់កែងជើង ហើយយកមកដុតចោល នៅរណ្តៅដុតសំរាម ឆេះសល់តែដងខ្លួន និងសាច់ដុំដៃ និងក្បាលឆេះសក់អស់ ស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន អគ្គស្នងការរងទទួលនាយកដ្ឋាន, ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងជំនាញនាយកដ្ឋាន បើកការស្រាវជ្រាវ ដោយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន បានធ្វើការសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ប្រើវិធានការជំនាញ ធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ។ សមត្ថកិច្ច បានបញ្ជាក់ថា លុះដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៧និង០០នាទី កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តស្រាវជ្រាវ រហូតដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យបានចំនួនម្នាក់ឈ្មោះ ជា សារាជ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ នៅត្រង់ចំណុចសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សូមរម្លឹកថា ជនរងគ្រោះដែលត្រូវគេសម្លា.ប់ ហើយយកទៅដុតឆេះខ្លោចក្នុងរណ្តៅចាក់សំរាម ដោយដៃជាប់ចំណងក្រណាត់អាវព័ទ្ធទៅក្រោយ នៅចំណុចខាងជើងគណបក្សក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតនោះ ត្រូវបានគេស្គាល់អត្តសញ្ញាណ បន្ទាប់ពីសមត្ថកិច្ច បានធ្វើការស្រាវជ្រាវរួចមក ។ ក្រោយទទួលបានព័ត៌មានភ្លាមនោះ កម្លាំងជំនាញបានចុះទៅកន្លែងដល់កើតហេតុ និងបានបង្កើតគណៈកម្មការត្រួតពិនិត្យស្រាវជ្រាវរកអត្តសញ្ញាណ ឈានដល់ស្គាល់អត្តសញ្ញាណជនរងគ្រោះមានឈ្មោះ ហុក ដុល្លារ ភេទប្រុស អាយុ១៦ឆ្នាំ ជាមុខរបរបុគ្គលិកគិតលុយនៅម៉ាត នៅភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែតមាន ម្ដាយឈ្មោះ ងួន ឡេង ភេទស្រី អាយុ៥៤ឆ្នាំ ជាជនជាតិវៀតណាម និងឳពុកជាជនជាតិខ្មែរ (តែលែងលះ) ។ តាមការពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសពឃើញមានស្នាកស្នាមកែងជើងខាងស្ដាំកាប់ដាច់ទំហំ៣X៤ស.ម, ប្រអប់ដៃខាងស្ដាំកាប់ដាច់ទំហំ៣X៥ស.ម, កាប់ដាច់ឆ្អឹងកែងដៃខាងស្ដាំទំហំ២.៥X៧ស.ម, កាប់ដាច់គល់ភ្លៅខាងក្រោយផ្នែកខាងឆ្វេងទំហំ៥.៥X១៥ស.ម ។

ដូច្នេះ ក្រុមការងារត្រួតពិនិត្យបានសន្និដ្ឋានថា ជនរងគ្រោៈស្លាប់ដោយសារ ត្រូវបានគេកាប់រងរបួសជាច្រើនកន្លែងបណ្ដាលឲ្យស្លាប់ ហើយយកសាកសពទៅទំលាក់ចោលក្នុងរណ្តៅសំរាម ហើយដុតឲ្យឆេះខ្លោច ។ សាកសព ត្រូវបានប្រគល់ជូនទៅម្ដាយ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសូរិយ៉ារាម ហៅវត្តថ្មី ស្ថិតក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត។ ហើយករណីនេះ កម្លាំងសមត្ថកិច្ចនគរបាល កំពុងធ្វើការស្រាវជ្រាវរកជនដៃដល់ យ៉ាងយកចិត្តទុកដាក់បំផុត រហូតដល់ថ្ងៃទី៦ មីនានេះ ទើបឃាត់ខ្លួនជនសង្ស័យ ។ បច្ចុប្បន្ន ជនដៃដល់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព