Social Network

​ឆ.ក់កាបូបនារីម្នាក់បានសម្រេច​ តែចៃដន្យ​ដួល ជនសង្ស័យភ័.យរត់ចោលម៉ូតូគេចខ្លួនបាត់​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានហើយ តែចៃដន្យបានដួលម៉ូតូទាំង២គ្រឿង ធ្វើឱ្យជនសង្ស័យភ័យពេករត់ចោលម៉ូតូគេចខ្លួនបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី៥ ខែ មេសា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ ៥៩២ ទល់មុខវិទ្យា ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូកូនទាមកពីធ្វើការត្រឡប់ទៅផ្ទះវិញតាមបណ្ដោយផ្លូវ៥៩២ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែឃើញជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-0130 ក្នុងទិសដៅស្របគ្នា ។

លុះមកដល់ចំណុចខាងលើ បានឆក់កាបូបរបស់គាត់ ក្នុងនោះមានលុយ និងឯកសារមួយចំនួន ខណៈពេលជនសង្ស័យធ្វើសកម្មភាពឆក់ បណ្ដាលឱ្យជនរងគ្រោះដួល ហើយជើងជនរងគ្រោះចូលកង់ម៉ូតូរបស់ជនសង្ស័យធ្វើឱ្យម៉ូតូជនសង្ស័យដួលដែរ ទើបជនសង្ស័យទាំង២នាក់ភ័យនាំគ្នារត់ចោលម៉ូតូបាត់ស្រមោល ចំណែកជនរងគ្រោះរងរបួសជើងម្ខាងត្រូវបានមិត្តភ័ក្ដិដឹកតាមម៉ូតូយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។

ក្រោយពេលកើតហេតុ បន្ទាប់ពីជនសង្ស័យបាននាំគ្នារត់ចោលម៉ូតូបាត់ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានយកម៉ូតូជនសង្ស័យទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព