Social Network

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ ករណី​ឆបោក ក្រោម​រូបភាព​វិនិយោគ​រយៈពេល​ខ្លី ចំណេញ​ច្រើន

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ទៀតហើយ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ ករណីប្រព្រឹត្តបទល្មើសឆបោកតាមតេឡេក្រាម ក្រោមរូបភាពវិនិយោគរយៈពេលខ្លី ចំណេញត្រលប់មកវិញច្រើន ។

យោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ស ឃ ភេទប្រុស អាយុ៥១ឆ្នាំ ពាក់ព័ន្ធនឹងករណីឆបោក ក្រោមរូបភាពដាក់ប្រាក់វិនិយោគ ដែលផ្តល់ប្រាក់ចំណេញច្រើនត្រលប់មកវិញ ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងទៀតថា ជាលទ្ធផល ជនសង្ស័យជាសហចារី ដែលប្រើប្រាស់គណនីធនាគាររបស់ខ្លួនផ្ទាល់ ជាមធ្យោបាយសម្រាប់ទទួលប្រាក់ឆបោកពីអ្នកវិនិយោគផ្សេងៗ រួចផ្ទេរប្រាក់ទាំងនោះ ទៅឱ្យបក្ខពួករបស់ខ្លួន តាមរយៈគណនីធនាគារជាច្រើន។ បក្ខពួករបស់ជនសង្ស័យ ប្រើប្រាស់បណ្តាញសង្គម ដោយដាក់តាំងរូបក្នុងប្រូហ្វាល់ (Profile) ក្លែងជារូបស្រីស្អាត តាមគោលដៅ ដែលពួកគេតាមប្រមាញ់ ដោយនិយាយលួងលោមជនរងគ្រោះ ឱ្យជឿជាក់ព្រមដាក់ប្រាក់វិនិយោគ ។

បច្ចុប្បន្ន នាយកដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ គួររម្លឹកដែរថា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្លាំងនគរបាលជំនាញ បានបើកការស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ត.ម.រ ភេទប្រុស ជាសហចារី ធ្វើការទិញ-លក់ គណនីធនាគារ យកទៅឱ្យបក្ខពួក ក្នុងការប្រព្រឹត្តបទល្មើសឆបោកពីជនរងគ្រោះជាច្រើននាក់ ហើយករណីនេះ គឺនៅមានជនសង្ស័យមួយចំនួនទៀត ដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនផងដែរ ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អោយដឹងបន្តថា ការបង្ក្រាបនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ប្រធាននាយកដ្ឋាន បានសហការជាមួយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ បង្ក្រាបលើបទល្មើសឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដែលផ្តល់ផលចំណេញច្រើនត្រលប់មកវិញ ដោយប្រើប្រាស់បណ្តាញសង្គម Telegram ធ្វើជាមធ្យោបាយ និងបង្ហូរប្រាក់តាមរយៈគណនីធនាគារនៅកម្ពុជា ។

ពាក់ព័ន្ធករណីនេះដែរ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ឈ្មោះ ង.ស.ន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធនឹងការអូសទាញ ប្រមូលទិញគណនីធនាគារ (ABA) ពីប្រជាពលរដ្ឋ ដើម្បីលក់បន្តអោយបក្ខពួក។ ការធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យរូបនេះ ក្រោយទទួលបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធ នឹងជនមិនស្គាល់អត្តសញ្ញាណ លួចប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម (Telegram) ធ្វើការឆបោកប្រាក់ដោយប្រើមធ្យោបាយតាមរយៈការផ្ទេរប្រាក់ចូលគណនី ABA ។ ស្ត្រីសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ហើយ ។ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ខ.ស.ភ ភេទប្រុស ជាសហចារី ធ្វើសកម្មភាពទទួលប្រាក់ឆបោកពីជនរងគ្រោះជាច្រើននាក់ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ ក្រោមរូបភាពវិនិយោគរយៈពេលខ្លី ដែលផ្តល់ផលចំណេញច្រើនត្រលប់មកវិញ ដោយប្រើប្រាស់បណ្តាញសង្គម Telegram ធ្វើជាមធ្យោបាយ និងបង្ហូរប្រាក់តាមរយៈ គណនីធនាគារ នៅកម្ពុជា ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ជនសង្ស័យ ត្រូវបានចៅក្រមឃុំខ្លួនពីបទឆបោក ដាក់នៅមណ្ឌលអប់រំកែប្រែ ម១ ព្រៃ.ស ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរម្លឹកដល់ជនទូទៅ កុំឱ្យចូលរួមសកម្មភាពទទួល និងដកប្រាក់ដែលគ្មានប្រភពច្បាស់លាស់ និងប្រមូលទិញ-លក់ គណនីធនាគារ យកទៅឱ្យតតិយជន ដែលអំពើនេះ គឺជាបទល្មើសធ្វើឱ្យសាមីខ្លួន ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព