Social Network

ពលករខ្មែរម្នាក់ ត្រូវឃាតករ សម្លាប់កប់ដី នៅក្នុង ខេត្តប៉ាធុមថានី

បាត់ដំបងៈ បុរសម្នាក់ដែល ជាពលករខ្មែរ ចំណាកស្រុក ទៅរកការងារ ធ្វើនៅឯប្រទេសថៃ ត្រូវបានឃាតក វាយប្រហារ ដោយបានយកសព ទៅកប់ចោល នៅក្នុងព្រៃរបោះ ក្បែរទីតាំង កសាងមួយកន្លែង ក្នុងប្រទេសថៃ បន្ទាប់ពី ជនរងរូបនេះ បានផឹកស៊ី ជាមួយមនុស្ស មួយក្រុម ដែលជាកម្មករ កសាង ហើយទំនងជា មានទំនាស់ អ្វីមួយបាន កើតឡើង ទើបធ្វើអោយ មានករណីឃាតកម្ម កើតឡើងបែបនេះ ។

ហេតុការណ៍នេះ បានកើតឡើង នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នាពេលរំលង អធ្រាត្រ ត្រង់ចំណុចក្បែរ ប្រព័ន្ធធារាសាស្ត្រទី៣ ត្រើយខាងកើតអូរ ស្ថិតក្នុងភូមិ១ ឃុំបឹងយីថូ ស្រុកថាន់បូរី ខេត្តប៉ាធុមថានី ប្រទេសថៃ ដោយជនរង គ្រោះមានឈ្មោះ ម៉ៃ ភេទប្រុស អាយុ២៣ឆ្នាំ ជាពលករខ្មែរ ដែលកំពុងតែដើរ រកការងារធ្វើ នៅក្នុងតំបន់នោះ ។ តាមការរៀបរាប់ ពីសាក្សីម្នាក់ឈ្មោះ ច័ន្ទ ភេទប្រុស អាយុ ២៥ឆ្នាំ ជាពលករខ្មែរ និងជាកម្មករកសាងនៅក្នុង បូរីសុភាល័យ នោះបាននិយាយថា ជនរងគ្រោះ ជាមួយនឹងប្រពន្ធរបស់គេ បានមករកសុំធ្វើ ជាកម្មករសំណាង់ នៅទីនេះតាំងពីថ្ងៃទី១ ខែកុម្ភៈ មកម៉្លេះ ប៉ុន្តែសុំគេមិនបាន ក៏ចេះតែនៅសម្រាក ជាមួយកម្មករដទៃទៀត ជាបណ្តោះអាសន្ន សិនទម្រាំ រកការងារបាន ។

សាក្សីបានបន្តថា នៅព្រលប់ថ្ងៃទី២ ខែកុម្ភៈ គឺជនរងគ្រោះ បានអង្គុយផឹកស៊ីលេង ជាមួយនឹងកម្មករចំនួន ៦នាក់ នៅក្បែទីតាំងកសាងនោះ រហូតដល់យប់ជ្រៅ ។ ពេលនោះគេឃើញ ស្ត្រីជាភរិយា ក៏បានចូលទៅសម្រាកមុន ដោយទុកអោយ ស្វាមី នៅផឹកស៊ីលេង ជាធម្មតាជាមួយគេឯង ឯរូបសាក្សីផ្ទាល់ ក៏បានចូលសម្រាកដែរ ដោយសារ តែការផឹកស៊ី នេះបានអូសបន្លាយ ពេលយប់ជ្រៅពេក ។ លុះព្រឹកថ្ងៃទី៣ ខែកុម្ភៈ ក៏ស្រាប់តែបាន ឮស្ត្រីដែលជាភរិយានោះ ឆោរឡោឡើង ដោយារ តែបាត់ប្តីមិនឃើញ ចូលទៅសម្រាក អស់រយៈពេល ពេញមួយយប់ ទើបក្រុមកម្មករ ដែលនៅទីនោះ បាននាំគ្នាជួយដើររក ក៏បានប្រទះឃើញមានដាវ សាំម៉ូរ៉ៃមួយដើម និងដំបងឈើ ជ្រុងដែលឃាតករ បន្សល់ទុកនៅក្បែង កន្លែងកើតហេតុ ដែលជាកន្លែង ផឹកស៊ីកាលពីយប់ ទើបអ្នកគ្រប់គ្រង នៅទីនោះបាន រាយការណ៍ទៅក្រុម តម្រួតនៅក្នុង មូលដ្ឋាននោះឲ្យ ចុះមកត្រួតពិនិត្យ ។

នៅពេលនោះដែរ គេសង្គេតឃើញ មានក្រុមតម្រួត ក្រុមគ្រូពេទ្យ និងក្រុមត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ បានដើរពិនិត្យ ជុំវិញបរិវេណ ទីតាំងដែលមានបញ្ហា រហូតដល់ ក្នុងព្រៃរបោះ ក្បែរខាង និងបានឆ្លងទៅម្ខាងអូរនៃប្រព័ន្ធ ធារាសាស្ត្រក៏ បានប្រទះឃើញ រាងកាយ និងដៃជើងមនុស្ស បានអណ្តែតឡើង មកលើដីបន្តិចបន្ទួច ដោយសារតែឃាតករ សម្លាប់ហើយ នាំសពយកទៅ កប់ដោយសារ តែការប្រញាប់ ប្រញាល់ពេក ទើបមិនអាច កប់ជ្រៅបាន ក៏មានការ ភ្ញាក់ផ្អើល ហើយខាងជំនាញ ក៏បានកាយដីនោះ ដើម្បីយកសពជន រងគ្រោះមកពិនិត្យ ។

នៅលើដង ខ្លួននៃសព របស់ពលករខ្មែរ រូបនោះមានស្នាមមុខ របួសចំនួនពីរកន្លែង ដែលត្រូវ ឃាតកកាប់ នឹងដាវសាំម៉ូរ៉ៃ ត្រង់លើស្មាខាងស្តាំ ចំណែកក្បាល ក៏មានស្នាមវាយនឹង ដំបងឈើជ្រុង បណ្តាលអោយផុងលលាដ៏ក្បាល ផ្នែកខាងស្តាំចំនួន ពីរកន្លែងផងដែរ រីឯវត្ថុតាង ដែលមានដំបង ឈើជ្រុង និងដាវដែលប្រលាក់ ដោយឈាមគឺ មានប្រវែង ៨០សង្ទីម៉ែត្រ ។

នៅពេលនោះដែរ សមត្ថកិច្ចបានសន្និដ្ឋាន ជំហានដំបូងថា បញ្ហានេះអាចកើតឡើង ដោយសារតែមានទំនាស់ ក្នុងពេលផឹកស៊ី ហើយជនល្មើស អាចមានគ្នាមិនក្រោមពី ២នាក់ឡើយ ព្រោះការវាយសម្លាប់ និងការនាំសពយកទៅកប់ ក្នុងព្រៃរបោះ គឺមានចំងាយឆ្ងាយ គ្រាន់បើ និងត្រូវលី សពឆ្លងអូរ ថែមទៀត ដូច្នេះបើម្នាក់ឯង គឺមិនអាចធ្វើបាននោះទេ ប៉ុន្តែក្រោយពេល កើតហេតុ ខណៈដែលសមត្ថកិច្ច បើកការស្រាវជ្រាវដើម្បីរកអ្នក ដែលចូលរួមផឹកស៊ីកាល ពីយប់ដែលមានគ្នាចំនួន ៦នាក់ គឺបានបាត់ម្នសក់ ទៅហើយ ដោយ មិនដឹងថាគេគេច ខ្លួនទៅទីណា ទោះជាយ៉ាងនេះក្តីក៏ ក្រុមតម្រួតកំពុងតែព្យាយាម ដុតដៃដុតជើង ដើម្បីតាមរកមុខឃាតករ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ អោយបានក្នុងពេល ឆាប់ៗខាងមុខនេះ ។ រីឯសពយើង មិនទាន់ដឹងថា ជាអ្នករស់នៅក្នុង ខេត្តណានោះទេ ហើយក៏មិនដឹងថា ស្ត្រីជាភរិយា នឹងនាំយកត្រឡប់ មកកម្ពុជាវិញនៅពេល ណាដែរក្រោយពី រត់ការច្បាប់រួច ៕

ដកស្រង់ពី៖ដើមអម្ពិល