Social Network

ផ្តន្ទាទោសឧក្រិដ្ឋជន ៣នាក់ ដាក់ពន្ធនាគារពី ២៥ឆ្នាំ ទៅ២៩ឆ្នាំ ករណីជួញដូរ គ្រឿងញៀន ជាងពីរគីឡូក្រាម

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានស្រេចផ្តន្ទាទោស ឧក្រិដ្ឋជនគ្រឿងញៀន ៣នាក់ ដាក់ពន្ធនាគារ ចន្លោះពី ២៥ឆ្នាំ ទៅ២៩ឆ្នាំ ជាប់ចោទពីបទជួញដូរ ដោយខុសច្បាប់នូវ សារធាតុញៀនប្រភេទ WY ជាងពីរគីឡូក្រាម បទរក្សាទុកប្រាក់ ដុល្លារក្លែងក្លាយជិត ៦ម៉ឺនដុល្លារ និងបទរក្សាទុកអាវុធខុសច្បាប់ ត្រូវបានសាលាឧទ្ធរណ៍ ។

ប្រធានក្រុមប្រឹក្សាជំនុំ ជម្រះសាលាឧទ្ធរណ៍ លោកស្រី យ៉េត ម៉ូលីន សម្រេចផ្តន្ទាទោសឈ្មោះ វង្ស សុផន អាយុ៣៨ឆ្នាំ ដាក់ពន្ធនាគារ២៩ឆ្នាំ និងពិន័យ ៧០លានរៀល ពីបទជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន បទរក្សាទុកប្រាក់ដុល្លារក្លែងក្លាយ និង បទរក្សាទុកអាវុធខុសច្បាប់ ។ ផ្តន្ទាទោសឈ្មោះ នូ ប៊ុនឡុង អាយុ៤៤ឆ្នាំ និង ឈ្មោះ ស៊ូ លាង អាយុ៥៨ឆ្នាំ ដាក់ពន្ធនាគារក្នុងម្នាក់ៗ ២៥ឆ្នាំ និង ពិន័យ៤០លានរៀល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ជនជាប់ចោទទាំង៣នាក់ បានប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៩ នៅចំណុចស្ថានីយ ប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ គួររំលឹកថា នៅថៃ្ងកើតហេតុ សមត្ថកិច្ចប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានប្រើវិធានការ ញុះញង់ដោយទាក់ទង រកទិញគ្រឿងញៀន។

ជនជាប់ចោទទាំង ៣នាក់ ត្រូវបានកម្លាំងបង្កប់ណាត់ ជួបដោះដូរគ្រឿងញៀន និងចាប់ពួកគេ បានដោយឆែកឃើញ គ្រឿងញៀន ៣សុង ក្នុងរថយន្ត និងកាំភ្លើង k-59 មួយដើម។ ក្រោយពីសមត្ថកិច្ច ឃាត់ខ្លួនពួកគេហើយ បាននាំទៅផ្ទះឈ្មោះ វង្ស សុផន នៅខណ្ឌឫស្សីកែវ ឆែកឃើញថ្នាំញៀន ១០សុង ទៀតប្រភេទ W.Y ជាងពីរគីឡូក្រាម និង វត្ថុមួយចំនួនទៀត ៕

ដកស្រង់ពី៖ ដើមអម្ពិល