Social Network

បុរស​ម្នាក់​តែងតែ​លួច​ថត​សង្សារ​ខ្លួន​ងូតទឹក នាង​ឆែក​ឃើញ​ប្ដឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន

រាជធានីភ្នំពេញ ៖ បុរសម្នាក់ មានទំនាក់ទំនងស្នេហាជាមួយនាងកម្មការិនីរោងចក្រម្នាក់ រយៈពេលជិត២ខែមកហើយ និងបានដេកនៅជាមួយគ្នាច្រើនទៀតផង ប៉ុន្តែនៅពេល ដែលនាងចូលងូតទឹកនៅក្នុងបន្ទប់ទឹកម្តងៗ បុរសនេះ តែងតែបានលួចថតរូបអាក្រា.តកាយរបស់នាងជាវីដេអូ និងរូបសន្លឹកជាច្រើន។

នាងក៏មិនដែលបានដឹងខ្លួនឡើយ លុះពេលចុងក្រោយ បន្ទាប់ពីត្រលប់មកពីចូលរួមខួបកំណើតមិត្តភក្ដិវិញ អ្នកទាំង២ បានដេកមួយគ្នាម្ដងទៀត ហើយខណៈ ដែលខាងប្រុសអស់កម្លាំងដេកលក់។ នាងបានយកទូរសព្ទដៃ ឆែកមើលស្រាប់តែឃើញរួបភាពអាក្រាតកាយរបស់ខ្លួន ពេលកំពុងងូតទឹក ជាហេតុធ្វើឲ្យនាងខឹងខ្លាំងណាស់ ក៏បានប្រាប់បងប្អូន រួចដាក់ពាក្យប្ដឹង និងឃាត់ខ្លួនប្រុសស្នេហ៍បណ្ដូលចិត្តរូបនេះ ប្រគល់ជូននគរបាល ចាត់ការតាមច្បាប់តែម្ដង ។

ការឃាត់ខ្លួនបុរសខាងលើនោះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ២២ ស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសដែលត្រូវសង្សារខ្លួនឯងចាប់ខ្លួន ប្រគល់ជូននគរបាលនោះ មានឈ្មោះ ផាន វ៉ាទី អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ។

មន្ត្រីនគរបាលដកហូត បានទូរសព្ទ ០២គ្រឿង ម៉ាក OPPO ដែលមានរូបភាពអាក្រាតកាយរបស់នាងកម្មការិនីខាងលើ, ម៉ូតូម៉ាកHonda Scoopy ពណ៌ស ស្លាកលេខ ភ្នំពេញ 1HO-5389 មួយគ្រឿង។ ចំណែកនារីរងគ្រោះ ដែលជាសង្សារ ឈ្មោះ ថ.ភ អាយុ៣៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់បន្ទប់ជួលគ្មានលេខ ស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នារីរងគ្រោះ បានរៀបរាប់នៅក្នុងពាក្យបណ្ដឹងរបស់ខ្លួនថា នាង និងជនសង្ស័យ គឺជាសង្សារនិងគ្នា ដោយកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នាងបានស្គាស់ជនសង្ស័យ ផាន រ៉ាវី នៅម្តុំតូបទឹកត្នោតជូរ មួយកន្លែង ស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់មក បានទាក់ទងគ្នាជាសង្សារ ហើយក៏ធ្លាប់គេងនៅជាមួយគ្នាជាច្រើនដង រួចមកហើយដែរ លុះនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២១និង៣០នាទីយប់ ជនសង្ស័យបានមកទទួលនាងនៅផ្ទះជួលរបស់នាង ទៅចូលរួមពិធីខួបកំណើតមិត្តភក្ដិ នៅម្តុំលូរ៥ ខណ្ឌមានជ័យ។

លុះពេលត្រលប់មកវិញ បាននាំគ្នាទៅគេងជាមួយគ្នានៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យ បន្ទប់កើតហេតុលេខ២២ ស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ហើយបានរួមភេ.ទជាមួយគ្នាបាន០១ដងទៀត។ នាងកម្មការិនីរូបនោះ បានរៀបរាប់នៅក្នុងពាក្យបណ្ដឹងទៀតថា បន្ទាប់មកជនសង្ស័យក៏បានដេកលក់ទៅ លុះដល់វេលាម៉ោង០១និង០៣នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នាងបានយកទូរសព្ទដៃរបស់ជនសង្ស័យ ម៉ាក OPPO ពណ៌ខ្មៅមកឆែកមើល។ ស្រាប់តែឃើញ រូបភាពសន្លឹក និងរូបភាពវីដេអូអាក្រាតកាយរបស់ខ្លួន ដែលនាងកំពុងងូតទឹកស្រាត នៅបន្ទប់ជួលលេខ២២ ជាន់ទី០១ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានជនសង្ស័យបានលួចថត កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០២និង២៨នាទីយប់ ។ នារីរងគ្រោះ បាននិយាយទៀតថា នាងឆែកមើលពេល ដែលបុរសជាសង្សារ កំពុងគេងលក់មិនដឹងខ្លួន ពេលនោះនាងមិនបានធ្វើឲ្យបុរសនេះដឹងខ្លួននោះទេ រហូតដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល។

ទើបនាងបានចេញពីបន្ទប់ជួលរបស់ជនសង្ស័យ ត្រលប់ទៅបន្ទប់ជួលខ្លួនវិញ រួចបានប្រាប់រឿងនេះឲ្យបងប្អូនដឹង ហើយនៅវេលា១៥និង៣០នាទីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ។

លុះដល់វេលាយប់ថ្ងៃដដែល នាងបានឃើញជនសង្ស័យ កំពុងស្ថិតនៅក្នុងបន្ទប់ជួលកើតហេតុ នាងក៏បានរាយការណ៍ប្រាប់នគរបាល រួចឃាត់ខ្លួនជនសង្ស័យប្រគល់ជូននគរបាលចាត់ការតាមច្បាប់តែម្ដង ៕

ដកស្រង់ពី៖កោះសន្តិភាព