Social Network

ក្មេង​ប្រុសអាយុ​៥​ឆ្នាំ​ម្នាក់ បាត់​ខ្លួន​១​ថ្ងៃ ស្រាប់តែ​ប្រទះ​ឃើញ​ស​.​ព​អណ្ដែត​ទឹកស្រះ

រាជធានីភ្នំពេញ ៖ ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ បានទៅលេងនៅស្រះទឹក មួយកន្លែង ក្នុងវត្តឫស្សីសាញ់ ដោយនិយាយថា ទៅរកចាប់សត្វអណ្ដើក និងត្រី ដែលឡើងពីស្រះ ក្រោយមេឃធ្លាក់ភ្លៀងរួច។ ក្រោយមកក៏បានបាត់ខ្លួនសូន្យឈឹង មិនឃើញត្រលប់ទៅផ្ទះវិញឡើយ ដោយពេលទៅនោះ គឺទៅជាមួយក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ទៀត ដែលជាបងប្អូនជីដូនមួយ ។

បន្ទាប់ពីកូនប្រុស បានបាត់ខ្លួន ម្ដាយដែលជាស្រីមេម៉ាយ បានដើររកកូនគ្រប់កន្លែង ប៉ុន្តែមិនបានឃើញនោះទេ គាត់ក៏បានទៅសួរក្មេងប្រុស ដែលទៅជាមួយកូនគាត់នោះ ក្មេងប្រុសរូបនោះ មិនបានឆ្លើយ ឬប្រាប់ឡើយ គឺអត់និយាយអ្វីទាំងអស់។

ពេលនោះ គាត់ក៏បានដើររកកូនរហូតដល់យប់ ក៏នៅតែមិនឃើញទៀត ទើបឈប់រក និងបានដេករហូតដល់ព្រឹកឡើង ស្រាប់តែមានស្ត្រីចំណាស់ម្នាក់ ប្រទះឃើញស.ពកូនប្រុសរូបនោះ អណ្ដែតទឹកស្រះបាត់ទៅហើយ ដោយមានត្រីងាប់អណ្ដែត នៅក្បែរជាច្រើនក្បាលផងដែរ ។

ហេតុការណ៍នោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងស្រះទឹកវត្តឫស្សីសាញ់ ស្ថិតនៅក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្មេងប្រុសដែលស្លា.ប់នោះឈ្មោះ សុខ សាន្ត ហៅសៅ សាន្ត អាយុ៥ឆ្នាំ មានបងប្អូន៤នាក់ និងមានម្ដាយជាស្រីមេម៉ាយ រស់នៅក្នុងភូមិកើតហេតុខាងលើ ។

តាមសាច់ញាតិបាននិយាយថា ក្មេងប្រុសរងគ្រោះ បានបាត់ខ្លួន តាំងពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ មកម្ល៉េះ ដោយនៅមុនពេលបាត់ខ្លួន ក្មេងប្រុសរូបនោះ បានដើរទៅលេងនៅចំណុចស្រះទឹក ក្នុងវត្តឫស្សីសាញ់ ដោយថា ទៅរកចាប់សត្វអណ្ដើក។ ពេលនោះបានទៅជាមួយក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ទៀត ដែលជាបងប្អូនជីដូនមួយ ដោយនាំគ្នាថា ទៅចាប់អណ្ដើក និងត្រី ដែលឡើងពីស្រះទឹកនោះក្រោយពីមេឃធ្លាក់ភ្លៀង។ លុះក្រោយមកក្មេងប្រុសរងគ្រោះ ក៏ស្រាប់តែបាត់ខ្លួនរហូតមិនឃើញត្រលប់ទៅផ្ទះវិញ ពុំដឹងមូលហេតុឡើយ ឃើញតែក្មេងប្រុសម្នាក់ទៀត ដែលជាបងប្អូនជីដូនមួយនេះ ទៅផ្ទះវិញម្នាក់ឯងប៉ុណ្ណោះ ។

ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មកស្ត្រីជាម្ដាយបានដើររកកូនប្រុសគ្រប់ច្រកល្ហក ប៉ុន្តែមិនបានឃើញនោះទេ ហើយក៏បានទៅសួរនាំក្មេងប្រុស ដែលជាបងប្អូនជីដូនមួយកូនគាត់នោះ តែក្មេងប្រុសនោះភិយភ័យពេក ទោះសួរយ៉ាងណា ក៏អត់ឆ្លើយ និងអត់និយាយអ្វីសោះឡើយ។ បន្ទាប់មក ស្ត្រីជាម្ដាយក៏បានតាមរកបន្តរហូតដល់យប់ ប៉ុន្តែនៅតែរកមិនឃើញទើបឈប់រក និងបានប្ដឹងនគរបាល អំពីការបាត់ខ្លួនកូនប្រុសរបស់គាត់រូបនេះ ហើយក៏សង្ស័យថា កូនលង់ទឹកផងដែរ។ បន្ទាប់មកទៀត ក៏បានចូលដេករហូតដល់ភ្លឺ ទើបទទួលដំណឹងថា មានស.ពក្មេងប្រុសម្នាក់ បានអណ្ដែតទឹកស្រះ ។ ភ្លាមៗនោះស្ត្រីជាម្ដាយ ក៏បានទៅមើលទើបស្គាល់ថា ជាកូនប្រុសរបស់ខ្លួនមែន ដោយនៅក្បែរខ្លួនស.ពមានត្រីងាប់អណ្ដែតជាច្រើនក្បាល ហើយពេលឃើញបែបនេះ គាត់បានយំសោកយ៉ាងខ្លាំង ។

ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្តទៀតថា ស្ត្រីចំណាស់ម្នាក់ ដែលជាអ្នកប្រទះឃើញស.ពក្មេងប្រុសនោះ គឺជាអ្នករស់នៅក្នុងភូមិកើតហេតុនោះដែរ ដែលគាត់តែងតែទៅរើសត្រីងាប់ នៅក្នុងស្រះទឹកនោះរាល់ព្រឹក។ ដើម្បីយកទៅធ្វើប្រហុក និងផ្អក ព្រោះមានត្រីតូច ត្រីងាប់អណ្ដែតទឹកស្រះនេះរាល់ថ្ងៃ ពុំដឹងថា មកពីមូលហេតុអ្វីនោះឡើយ ។ លុះនៅព្រឹកថ្ងៃកើតហេតុ គាត់បានទៅរើសត្រីងាប់នៅទីនោះទៀត ក៏ស្រាប់តែប្រទះឃើញស.ពក្មេងប្រុសខាងលើស្លា.ប់អណ្ដែតក្នុងទឹកស្រះ ទើបរត់ទៅប្រាប់អ្នកភូមិ និងស្ត្រីជាម្ដាយបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោ ហើយរាយការណ៍ជូននគរបាល ឲ្យចុះទៅធ្វើការពិនិត្យកោសល្យវិច័យតែម្ដង ។ ដោយឡែក ក្មេងប្រុស ដែលបានទៅជាមួយគ្នានោះ រហូតដល់ក្រោយពេលប្រទះឃើញស.ពក្មេងប្រុសរងគ្រោះអណ្ដែតទឹក ហើយនគរបាលហៅទៅធ្វើការសាកសួរ ទើបព្រមនិយាយប្រាប់ពីដំណើររឿង ។

ក្មេងប្រុសរូបនោះ បាននិយាយប្រាប់នគរបាលថា នៅមុនពេលកើតហេតុ ខណៈខ្លួនកំពុងអង្គុយនៅក្នុងខ្យូស(កញ្ចុះ)ក្នុងវត្ត បានឃើញជនរងគ្រោះឈ្មោះ សាន្ត ដើរទៅស្រះទឹកខាងលើ ។

ក្មេងប្រុសនេះ បាននិយាយបន្តទៀតថា ពេលនោះខ្លួនបានស្រែកប្រាប់ថា «អាសាន្តប្រយ័ត្នលង់ទឹក» ហើយខ្លួនក៏មិនបានទៅលេងស្រះជាមួយក្មេងប្រុសរងគ្រោះនោះឡើយ គឺជនរងគ្រោះទៅម្នាក់ឯង ។ ខណៈនោះ ក្មេងប្រុសរងគ្រោះបានចុះទៅក្នុងស្រះទឹក ហើយខ្លួន ក៏ពុំបានដឹង ជនរងគ្រោះលង់ទឹកនោះដែរ លុះក្រោយពេលបាត់ជនរងគ្រោះ យូរពេក មិនឃើញឡើងមកវិញ ខ្លួនក៏បានដើរទៅផ្ទះ ដើម្បីរកផឹកទឹកតែម្ដង ដោយមិនបានត្រលប់ទៅវិញឡើយ ៕

ដកស្រង់ពី៖កោះសន្តិភាព