Social Network

បង្ក្រាប​ទីតាំង​កែ​ច្នៃ​គ្រឿងញៀ.ន ឃាត់ខ្លួន​ជនល្មើស​៤​នាក់ រឹបអូស​ថ្នាំ​ញៀន​ជាង​១៦​គីឡូក្រាម និង​សារធាតុ​គីមី​ផ្សំ​ជិត​៧០០​គីឡូក្រាម

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន បានប្រើនីតិវិធីស្រាវជ្រាវ ឈានដល់ការបង្ក្រាបករណីកែច្នៃ រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើស៤នាក់ រឹបអូសថ្នាំញៀនជាង ១៦គីឡូក្រាម និងសារធាតុគីមីផ្សំជិត ៧០០គីឡូក្រាម ។

នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា កាលពីវេលាម៉ោង១៤៖៣០នាទីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ និងស្នងការដ្ឋានខេត្តកណ្តាល ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក ខា ដែនណា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈាន ទៅបង្ក្រាបករណីរក្សារទុក ជួញដូរ និងកែច្នៃ ដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅ ២គោលដៅ ៖ គោលដៅទី១ ផ្ទះលេខ៣២២ ផ្លូវបេតុង ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល និងគោលដៅទី២ នៅខុនដូរដឺប្លេស បន្ទប់លេខ៩១០ ជាន់ទី៩ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

លោកនាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងបន្តថា មុនឈានដល់ការបង្ក្រាបនេះ កម្លាំងបានបើកការស្រាវជ្រាវអស់រយៈពេលជាង១ខែ ទើបសមត្ថកិច្ចបានកំណត់ទីតាំង និងមុខសញ្ញាបាន។ ក្នុងករណីនេះកម្លាំង សមត្ថកិច្ចបានឆ្មក់ចូលទីតាំងផលិត ដែលជនសង្ស័យជួលផ្ទះវីឡាមួយកន្លែងនៅម្តុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយសមត្ថកិច្ចសួរនាំតាមជំនាញ បាននាំខ្លួនជនសង្ស័យមកឆែកឆេរនៅបន្ទប់ខុនដូរមួយផ្សេងទៀតនៅក្នុងខណ្ឌជ្រោយចង្វារ ដែលជាទីតាំងស្តុកទុក ផលិតផលសម្រេច ងាយស្រួលក្នុងការចែកចាយបន្ត ។ កម្លាំងជំនាញចាប់ខ្លួនជនល្មើសចំនួន ០៤នាក់ រួមមាន ៖ ១.ឈ្មោះ សា រ៉ហ្សាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ២.ឈ្មោះ សា ម៉ាត់សាត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ៣.ឈ្មោះ ហៃ សុខា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ៤.ឈ្មោះ សៅ សុវណ្ណ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាងចាប់យក រួមមាន ៖ ១.គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(MDMA) ទម្ងន់ ១៤៩៤៥,៧១ ក្រាម ២.គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(WY) ទម្ងន់ ៨៥,៦៤ក្រាម ៣.គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICY) ទម្ងន់ ១០៤៨,៦០ក្រាម ៤.គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៦៦,៧០ក្រាម ៥.សារធាតុគីមីផ្សំ ទម្ងន់សរុប ៦៨៦៨៧១,៥២ក្រាម (៦៨៥គីឡូ ៣៧១,៥២ក្រាម) -វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ១៦,១៤៦.៦៥ក្រាម (១៦គីឡូ ១៤៦,៦៥ក្រាម) -ឧបករណ៍ និងសម្ភារផលិតមួយចំនួនធំ ។ បច្ចុប្បន្ន ជនល្មើស និងវត្ថុតាងខាងលើ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព