Social Network

ឆក់​កាបូបដៃ​ពី​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា មិន​បាន​សម្រេច ជាប់​ខ្នោះ​នគរបាល​ព្រហ្មទណ្ឌ

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២៣និង១០នាទីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ពេលនោះក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៤នាក់ បានធ្វើសកម្មភាពឆក់កាបូបយួរដៃពីបុរសរងគ្រោះកំពុងជិះម៉ូតូកង់បីឥណ្ឌា តែមិនបានសម្រេច នៅចំមុខធនាគារសៃហ្គន-ហាណូយ កម្ពុជា ។

ភ្លាមៗនោះ កម្លាំងជំនាញការិយាល័យធ្វើការប្រដេញ ឃាត់ខ្លួនជនសង្ស័យបាន០២នាក់ នៅចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ នឹងបន្តប្រដេញឃាត់ជនសង្ស័យបានចំនួន០២នាក់ទៀត នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី មុខក្រសួងកាពារជាតិ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។

នសង្ស័យបានទាំង០៤នាក់ រួមមាន ៖ ទី១. ឈ្មោះ ប៉ុន ជិនវង្ស ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ទីកន្លែងស្នាក់នៅផ្ទះលេខ២៧ ផ្លូវលេខ១១៧ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (បិទគូទ) ទី២. ឈ្មោះ សួន ប៊ុនលាភ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ០២ ផ្លូវលេខ១៣១ បុរីពិភពថ្មីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (បិទគូទ) ទី៣. ឈ្មោះ ប៉ុន រុលចក្រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ទីកន្លែងស្នាក់នៅផ្ទះលេខ២៧ ផ្លូវលេខ១១៧ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ដៃដល់) ទី៤. ឈ្មោះ សេង សុធា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (អ្នកបើក) ។

សម្ភារដកហូត រួមមាន ៖ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KU-9636 (របស់ជនសង្ស័យ) និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KG-1863 (របស់ជនសង្ស័យ) ។

បច្ចុប្បន្នកម្លាំងជំនាញ បាននាំជនសង្ស័យខាងលើ មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព