Social Network

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​លួច​ទូរ​សព្ទ​ដៃ

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០៩និង១៨នាទីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ត្រង់ចំណុចភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ភូវ កំសល ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យពាក់ព័ន្ធករណីលួច (ទូរសព្ទដៃ) កាលពីវេលាម៉ោង១១:៥០នាទីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចហាងជាប់កាហ្វេ អាម៉ូហ្សូ ដីដុះ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ សែម ចាន់ទី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រវល់លក់ដូរ ហើយទុកទូរសព្ទ០១គ្រឿង ម៉ាក iPhone 13Pro max ពណ៌ខ្មៅ នៅលើតុបាយ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណម្នាក់ ភេទប្រុស បានបន្លំខ្លួន ធ្វើជាភ្ញៀវ ដើរចូលមកក្នុងហាង រូចធ្វើសកម្មភាពលួចទូរស័ព្ទបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ ។

បច្ចុប្បន្នទូរសព្ទម៉ាក IPhone 13Pro max ពណ៌ខ្មៅ បានប្រគល់ជូនជនរងគ្រោះ ។ ចំណែកជនសង្ស័យឈ្មោះ ភូវ កំសល ប្រគល់ជូនកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព