Social Network

តាម​ក្របួច.​ក​ក្រុម​ក្មេ​.​ង​.​ទំ​.​នើ​.​ង​​០៥​នាក់ ពេល​ព្យាយាម​ឡើង​ជិះឡាន​ក្រុង​រត់គេច​ខ្លួន

ខេត្តបាត់ដំបង ៖ ក្រុមក្មេងអន្ធពាលចំនួន០៥នាក់ក្នុងចំណោមជាង១០នាក់ ត្រូវបានកម្លាំងអធិការស្រុកថ្មគោល សហការជាមួយកម្លាំងអធិការក្រុងបាត់ដំបង និងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល តាមឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅពេលពួកគេព្យាយាមឡើងជិះរថយន្តក្រុងក្នុងចំណតមួយកន្លែង នៅក្នុងក្រុងបាត់ដំបង នៅវេលាម៉ោង៩យប់ថ្ងៃទី០៤ មិថុនា ដើម្បីរត់គេចខ្លួន ក្រោយពួកគេព្រូតគ្នាកាប់កម្ទេចម៉ូតូយុវជនម្នាក់ រួចប្លន់យកស្លាកលេខ ។

តាមរយៈរបាយការណ៍ លោក សេង លុច អធិការស្រុកថ្មគោល បានឲ្យដឹងថា ករណីហិង្សាររវាងក្រុមក្មេងទំនើងខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី០៤ មិថុនា នៅចំណុចភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ។

លោកថា ក្រុមជនដៃដល់នេះ មានបក្សពួកប្រមាណ១១នាក់ ជិះម៉ូតូ០៤គ្រឿងប្រដាប់ដោយកាំបិតបានដេញកាប់ទៅលើយុវជនម្នាក់ឈ្មោះ យ៉ាន ផាន់ណាត់ អាយុ១៦ឆ្នាំ នៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល តែជនរងគ្រោះរត់ផុត ទើបក្រុមក្មេងអន្ធពាលព្រូតគ្នាកាប់កម្ទេចម៉ូតូជនរងគ្រោះ និងកាប់ផ្ដាច់ស្លាកលេខយកទៅបាត់ ។

លោក សេង លុច បានបញ្ជាក់ថា ក្រោយកើតហេតុ ក្រុមជនដៃដល់បានជិះម៉ូតូរត់គេចបែកហ្វូងគ្នា តែមួយចំនួនបានជិះរត់គេចទៅកាន់ក្រុងបាត់ដំបង ដើម្បីព្យាយាមឡើងជិះរថយន្តក្រុមហ៊ុនដឹកអ្នកដំណើររត់គេចខ្លួន ។ ប៉ុន្តែកន្លះម៉ោងក្រោយ ត្រូវបានកម្លាំងជំនាញរបស់លោក សហការជាមួយកម្លាំងអធិការក្រុងបាត់ដំបង និងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល តាមក្របួចជាប់ជាបន្តបន្ទាប់ចំនួន០៥នាក់ នៅលើរថយន្តផង និងនៅតាមផ្ទះសំណាក់ផង តែមេខ្លោង០២នាក់ និងបក្សពួកមួយចំនួនទៀតកំពុងរត់គេចខ្លួន ។

ជនអន្ធពាលទាំង០៥នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖

១-ឈ្មោះ សុខ សីហា អាយុ១៨ឆ្នាំ នៅភូមិទូលតាឯក សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ២-ឈ្មោះ យួម ស៊ីនីត អាយុ១៧ឆ្នាំ នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ៣-ឈ្មោះ ណាង រ៉ាវុត អាយុ១៧ឆ្នាំ នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ៤-ឈ្មោះ ផាន់ ដារ៉ា អាយុ១៧ឆ្នាំ នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល និង៥-ឈ្មោះ ឆេង ចាន់រ័ត្ន អាយុ១៥ឆ្នាំ នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ។

ក្រុមជនដៃដល់សុទ្ធតែផ្ដល់ចម្លើយបដិសេធដូចគ្នាថា ពួកខ្លួនមិនបានដឹងរឿងនេះមុនទេ ហើយក៏មិនដឹងផ្ដើមឡើងពីមូលហេតុអ្វីដែរ ព្រោះមានបក្សពួកខ្លួន០២នាក់ទៀតជាមេខ្លោង ជាអ្នកទូរស័ព្ទហៅទៅ ។ ប៉ុន្តែក្រុមទំនើងនេះបានសារភាពថា «ពួកខ្លួនពិតជាបានចូលរួមកាប់កម្ទេចម៉ូតូជនរងគ្រោះមែន»។ នេះបើតាមលោក សេង លុច បានស្រង់សម្ដីក្រុមក្មេងពាលទាំង០៥នាក់នេះ ។

លោក សេង លុច បានបញ្ជាក់ថា បើតាមការសួរនាំ ក្រុមជនដៃដល់ទាំង០៥នាក់នេះ ហាក់មិនបានដើមចមនៃរឿងទេ តែពួកគេត្រូវមេខ្លោង០២នាក់ទៀត ជាអ្នកហៅពួកគេឲ្យមកជួបគ្នានៅស្រុកថ្មគោល ហើយក៏មានរឿងហឹង្សានេះកើតឡើងតែម្ដង ។

រីឯជនរងគ្រោះ ដែលត្រូវភាគីខាងលើកាប់ម៉ូតូខ្ទេច ក៏មានគ្នាច្រើនដែរ តែជនរងគ្រោះបានប្រាប់ថា ពួកខ្លួនមិនបានដឹងរឿងអ្វី ហើយក៏មិនធ្លាប់មានជម្លោះជាមួយក្រុមជនដៃដល់ដែរ។ នេះបើតាមលោកសេង លុច អធិការស្រុកថ្មគោល ដែលបានសួរនាំ ។

លោក សេង លុច បានបញ្ជាក់ថា ពេលនេះ មេខ្លោង០២នាក់ជាមួយនឹងបក្សពួកប៉ុន្មាននាក់ទៀតកំពុងរត់គេចខ្លួន ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួនហើយ ។ ដោយឡែក ជនអន្ធពាលចំនួន០៥នាក់ ដែលឃាត់ខ្លួនបាន ពេលនេះមន្ត្រីជំនាញកំពុងសួរនាំ តាមបទបញ្ជាលោកស្នងការខេត្ត ដើម្បីចាត់ការតាមនីតិវិធីហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព