Social Network

បង្ក្រាបក្លិប​កម្សាន្ត«អេហ្សីប» នៅក្រុងប៉ោយប៉ែត​ ឃាត់ខ្លួន៤៧នាក់បញ្ជូនទៅសាលាដំបូងខេត្ត៨នាក់

ត ខេត្តបន្ទាយមានជ័យ ៖ កម្លាំងចម្រុះបង្ក្រាបក្លឹបកំសាន្តយីហោ(អេហ្សីប) នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួន៤៧នាក់ បានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចំនួន៨នាក់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា កាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅក្លឹបកំសាន្តយីហោ(អេហ្សីប)ស្ថិតភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងចម្រុះមានការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងកម្លាំងនគរបាលវរៈការពារព្រំដែនលេខ៨៩១ ដឹកនាំដោយលោក សំរិទ្ធ សុខុន ព្រៈរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យចុះប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តយីហោ(អេហ្សីប)ឃាត់ខ្លួនមនុស្សប្រុស/ស្រីចំនួន៤៧នាក់មានស្រី២៨នាក់ និងមានជនជាតិចិន២នាក់ ជនជាតិថៃ៤នាក់និងម៉ូតូ១៨គ្រឿងរថយន្ត១គ្រឿងរឹបអូសគ្រឿងញៀនមួយចំនួន។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបន្ទាយមានជ័យបានប្រាប់ថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងចម្រុះនគរបាលបានចុះបង្ក្រាបឃាត់ខ្លួនមនុស្សប្រុស/ស្រីចំនួន៤៧នាក់ ក្នុងនោះមានស្រី២៨នាក់ជនជាតិបរទេសចំនួន៦នាក់និងវត្ថុតាងមានម៉ូតូរថយន្តនិងគ្រឿងញៀនត្រូវបានដឹកទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីអោយកម្លាំងជំនាញធ្វើតេស្តរយៈពេល២ថ្ងៃទើបរួចរាល់រកឃើញអ្នកប្រើគ្រឿងញៀន៥នាក់ ស្រី៣នាក់និង៣នាក់ទៀតជាអ្នកសម្រួលសម្រួលទីតាំងបម្រើសេវ៉ាគ្រឿងញៀនហើយត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់ចំនួន៨នាក់ស្រី៣នាក់។

គួររំលឹកថា៖នៅដើមខែមិថុនា ឆ្នាំ២០២៤នេះខេត្តបន្ទាយមានជ័យកម្លាំងនគរបាលបានចុះប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តបានចំនួន២ទីតាំងឃាត់ខ្លួនមនុស្សប្រុស/ស្រីចំនួន៧៤នាក់ស្រី២៨នាក់ជនជាតិបរទេសចំនួន៦នាក់ក្នុងនោះបង្ក្រាបក្លឹបកំសាន្តយីហោ(ធីអ៊ិនអិល)ចំការខ្នុរក្រុងសិរីសោភ័ណចំនួន២៤នាក់បញ្ជូនទៅសាលាដំបូងខេត្តចំនួន១៧នាក់ និងប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តយីហោ(អេហ្សីប)ក្រុងប៉ោយប៉ែតចំនួន៤៧នាក់ស្រី២៨នាក់ជនជាតិបរទេសចំនួន៦នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តចំនួន៨នាក់ ៕

ដកស្រង់ពី៖កោះសន្តិភាព