Social Network

ឃ្លាត​កាយ​ណាយចិត្ត ប្ដី​មក​រកស៊ី​នៅ​ភ្នំពេញ ឈ្លក់ទឹកម៉ាស៊ីន មាន​ប្រពន្ធចុង រួច​ប្រាប់​ប្រពន្ធដើម​តាម​ត្រង់​ទៀត

រាជធានីភ្នំពេញ ៖ ប្ដីប្រពន្ធ១គូ មិនបានរៀបការជាមួយគ្នាពេញមុខមាត់នោះទេ គឺបានត្រឹមតែសែនព្រេនផ្ដាច់ខ្មោចប៉ុណ្ណោះ ហើយអ្នកទាំង២ បានចំណងដៃកូនស្រីម្នាក់ផងដែរ ក្រោយពីការរស់នៅជាមួយគ្នាជាង៤ឆ្នាំ ទីបំផុត ប្ដីបានសុំប្រពន្ធចាកចេញពីផ្ទះនៅឯខេត្តតាកែវ មករកស៊ីនៅភ្នំពេញ ដោយធ្វើជាជាងដែកផង និងសន្តិសុខផង។

ប៉ុន្តែក្រោយចេញបាត់ពីផ្ទះរយៈពេល៣ខែ និង៦ថ្ងៃ ប្ដីមិនដែលផ្ញើលុយកាក់ឲ្យប្រពន្ធ និងកូន សូម្បី១កាក់១សេនឡើយ មិនតែប៉ុណ្ណោះ បានទាក់ទងស្រីរកស៊ីកោសជប់ម្នាក់ ធ្វើជាប្រពន្ធចុង ហើយបុរសជាប្ដីរូបនេះ ក្លាហានណាស់ មិនបានលាក់លៀមនោះទេ គាត់បានប្រាប់ប្រពន្ធឲ្យដឹងតាមត្រង់តែម្ដង ថា គាត់មានប្រពន្ធចុងហើយ ។

ក្រោយពេលឮ លោកប្ដីប្រាប់បែបនេះ នាងជាប្រពន្ធក្ដុកក្ដួលខ្លាំងណាស់ ដេកមិនលក់បក់មិនល្ហើយ ក៏បាននាំកូនស្រីតូចម្នាក់ ចាកចេញពីផ្ទះ ជិះរថយន្តឈ្នួល មកតាមរកប្ដី ហើយពេលបានជួបគ្នា នាងបានសុំប្ដីរស់នៅផ្ទះជួលជាមួយគ្នា គ្រាន់បានដាំបាយដាំទឹបម្រើប្ដី ។ ប៉ុន្តែប្ដី មិនស្វាគមន៍នោះទេ ហើយដេញឲ្យនាងត្រលប់ទៅផ្ទះវិញ បើនៅតែរឹងចចេស មិនព្រមទៅគាត់និងលែងលះ នាងចោលហើយ ពេលនោះនាង មិនព្រមទៅផ្ទះវិញទេ ប្ដីក៏បានទាមទារសុំលែងលះគ្នា ។

ទើបនាងជាប្រពន្ធនាំប្ដីទៅរកអាជ្ញាធរសាលាសង្កាត់ចោមចៅទី៣ ឲ្យជួយអន្តរាគមន៍ ហើយអ្នកទាំង២ ក៏បានមានទំនាស់គ្នាយ៉ាងខ្លាំង នៅចំពោះមុខអាជ្ញាធរ ។

ហេតុការណ៍ខាងលើនោះ បានកើតឡើងនៅវេលាម៉ោង៤និង២៥នាទីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ នៅសាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសជាប្ដីខាងលើមានឈ្មោះ ទៀប ថុន អាយុ៣២ឆ្នាំ មុខរបរជាងដែកផង និងជាសន្តិសុខផងដែរ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកស្ត្រីជាប្រពន្ធដើម ឈ្មោះ សៅ សុម៉ាឡៃ អាយុ៣៨ឆ្នាំ អាយុច្រើនជាប្ដី៦ឆ្នាំ អ្នកទាំង២នេះ មានទីនៅអចិន្ត្រៃយ៍នៅភូមិជ្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

នៅចំពោះមុខ មន្ត្រីសង្កាត់ចោមចៅទី៣ ស្ត្រីជាប្រពន្ធបាននិយាយរៀបរាប់ថា ពួកគាត់ទាំង២នាក់ យកគ្នាជាប្ដីប្រពន្ធរយៈពេល៤ឆ្នាំមកហើយ ដោយពុំបានរៀបការជាមួយគ្នា ពេញមុខពេញមាត់នោះឡើយ គឺបានត្រឹមតែសែនព្រេនផ្ដាច់ខ្មោចប៉ុណ្ណោះ និងបានចំណងដៃកូនស្រីម្នាក់ អាយុ២ខួបកន្លះហើយ ។

ពួកគាត់ចាប់ដៃគ្នា រស់នៅជាមួយគ្នា ដូចជាប្ដីប្រពន្ធដទៃទៀតដែរ ប៉ុន្តែនៅទីបំផុត លោកប្ដីបានសុំនាងមករកស៊ីនៅភ្នំពេញ ដោយបានមកស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ធ្វើការជាជាងដែកផង និងធ្វើជាសន្តិសុខផង ។ ប្រពន្ធដើមរូបនេះ បាននិយាយបន្តទៀតថា ក្រោយចេញពីផ្ទះមករកស៊ីរយៈពេលជាង៣ខែ និង៦ថ្ងៃហើយ មិនដែលឃើញប្ដីផ្ញើលុយកាក់ឲ្យនាង និងកូនស្រី នៅឯផ្ទះសូម្បី១កាក់១សេនឡើយ លោកប្ដីបានសម្ងំសុខ និងបានក្បត់នាង និងកូន ទៅមានប្រពន្ធចុង ហើយមិនបានលាក់លៀមនោះដែរ លោកប្ដីបានប្រាប់នាងដោយត្រង់ៗថា គាត់(ប្ដី) មានប្រពន្ធចុងថែមទៀត ។

ក្រោយពេលប្ដីប្រាប់បែបនេះ បានធ្វើឲ្យនាង ដែលជាប្រពន្ធដើមក្ដុកក្ដួលខ្លាំងណាស់ ដេកមិនលក់បក់មិនល្ហើយ បាយមិននឹកទឹកមិនស្រេកឡើយ ហើយដោយកូនស្រីឈឺគ្មានលុយទៅពេទ្យផង ទើបនៅវេលាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នាងបាននាំកូនស្រី ជិះរថយន្តឈ្នួល មកតាមរកប្ដី ដល់ផ្ទះជួល តែម្ដង ។

នាងប្រពន្ធដើមខាងលើ បានរៀបរាប់បន្ថែមទៀតថា ពេលបានជួបប្ដីនៅផ្ទះជួល នាងបានសុំរស់នៅជាមួយលោកប្ដី គ្រាន់បានដាំបាយដាំទឹកបម្រើប្ដី ប៉ុន្តែលោកប្ដី មិនស្វាគមន៍ទេ មិនព្រមឲ្យរស់នៅជាមួយឡើយ មិនតែប៉ុណ្ណោះបានបោះលុយឲ្យនាងចំនួន៣ម៉ឺនរៀល ហើយដេញនាងឲ្យវិលត្រលប់ទៅផ្ទះវិញ ជាបន្ទាន់ ។ លោកប្ដី ក៏បានគំរាមនាងខ្លាំងៗថា ៖ «បើនៅតែរឹងចចេស ចង់នៅជាមួយគ្នាទៀត គាត់នឹងលែងលះនាងចោលហើយ» ប៉ុន្តែខណៈនោះ ទោះជាប្ដីគំរាមកំហែងយ៉ាងណាក៏ដោយ ក៏នាងមិនព្រមត្រលប់ទៅផ្ទះវិញឡើយ ហើយបើទៅផ្ទះ គឺត្រូវនាំប្ដីទៅជាមួយ ឈប់ឲ្យនៅធ្វើការម្នាក់ឯងទៀតហើយ ។

ស្ត្រីរូបនោះ បានប្រាប់បន្តទៀតថា នៅពេលដេញនាងឲ្យត្រលប់ទៅផ្ទះវិញ នាងមិនព្រមទៅបែបនេះ ហើយថែមទាំងបបួលប្ដីត្រលប់ទៅផ្ទះវិញ ជាមួយគ្នានោះ បានធ្វើឲ្យលោកប្ដី ផ្ទុះកំហឹងយ៉ាងខ្លាំង ហើយបានទាមទារលែងលះនាងចោលតែម្ដង ។ ដោយសារតែមិនអាចនិយាយត្រូវគ្នា ហើយប្ដី គិតតែបបួលលែងលះគ្នារហូតបែបនេះ ទើបនាងសម្រេចចិត្ត នាំលោកប្ដីទៅរកអាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយ ។

ដោយឡែក បុរសជាប្ដី ក៏បាននិយាយនៅចំពោះមុខមន្ត្រីសាលាសង្កាត់ចោមចៅទី៣ ផងដែរថា គាត់ពិតជាមានប្រពន្ធចុងម្នាក់ទៀតមែន ស្ត្រីនោះមានមុខរបរកោសជប់ ប៉ុន្តែគាត់គ្រាន់តែយកលែងសើចប៉ុណ្ណោះ មិនយកជាប់នោះទេ ។ ទោះបីជានិយាយបែបនេះ នៅចំពោះមុខមន្ត្រីសង្កាត់ក្ដី ព្រោះតែចង់បំពេញចំណង់តណ្ហាខ្លួន ជាមួយប្រពន្ធចុង បុរសនេះបានទាមទារលែងលះគ្នាជាមួយស្ត្រីប្រពន្ធដើមរហូត ។

ដោយគាត់មិនបានគិតអំពីគ្រា ដែលស្រលាញ់គ្នាដំបូង និងការរស់នៅដោយភាពផ្អែម ល្វីង ជូរចត់ ជាមួយប្រពន្ធដើម អស់រយៈពេលជាង៤ឆ្នាំមកហើយ នោះទេ ។

ជាពិសេស បុរសនេះ មិនមានមនោសញ្ចេតនាការអាណិតអាសូរដល់កូនស្រី ដែលទើបតែមានអាយុ២ខួបកន្លះ ដែលកំពុងឈឺនិងយំ នៅលើចង្កេះម្ដាយឡើយ គាត់និយាយម៉ាត់ណាមក ក៏សុំលែងលះប្រពន្ធដើមដែរ ប៉ុន្តែនាងជាប្រពន្ធដើមឯណោះវិញ ដាច់ខាតគាត់មិនព្រមលែងលះគាត់ឡើយ ។

នាងបានទាមទារឲ្យលោកប្ដីរូបនោះ ត្រលប់ទៅផ្ទះវិញ ជាមួយនាងជាដាច់ខាត ដោយនាងមិនបណ្ដែតបណ្ដោយឲ្យប្ដីធ្វើការងារនៅភ្នំពេញម្នាក់ឯងទៀតហើយ ខណៈនោះ អ្នកទាំង២ ក៏បានឈ្លោះប្រកែកគ្នាមួយប្រាវយ៉ាងខ្លាំង ស្ទើរតែផ្ទុះអំពើហិ.ង្សាទៀតផង តែអាជ្ញាធរឃាត់ ។ បន្ទាប់មកពួកគាត់ ក៏បាននាំគ្នាចាកចេញពីសាលាសង្កាត់ចោមចៅទី៣ បាត់អស់ដោយពុំដឹងថា បុរសជាប្ដីនោះ ព្រមទៅផ្ទះវិញជាមួយប្រពន្ធឬបែបណានោះឡើយ ៕

ដកស្រង់ពី៖កោះសន្តិភាព