Social Network

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ៖ សាលាដំបូង​រាជធានី​ខេត្ត បាន​ចាត់ការ​លើ​សំណុំរឿង​​ក្មេង​ទំនើង ២​ករណី

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា សាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ២ករណី ក្នុងមានជនសង្ស័យ១៦នាក់ ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងតាមប្រពន្ធតេឡេក្រាមនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ថា កាលពីនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ២ករណី ដែលមានជនសង្ស័យចំនួន ១៦នាក់ ហើយតុលាការ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៩នាក់ ហើយជនសង្ស័យ ដែលរត់គេចខ្លួនមានចំនួន៧នាក់ ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការ ក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ក្នុងសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។

បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ យើងខ្ញុំសូមអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាក នូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ។ សូមជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បន្ទាប់ប្រមុខរាជរដ្ឋាភិបាល បានចេញបទបញ្ជាឲ្យអាជ្ញាធរសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ត្រូវតែចាត់វិធានការចំពោះក្មេងទំនើងឲ្យបានម៉ឺងម៉ាត់ ៕

ដកស្រង់ពី៖កោះសន្តិភាព