Social Network

បង្ក្រាបហាងផឹកស៊ីបង្ក.ប់សេវា​កម្សាន្ត​ចំនួន​៣​ទីតាំង ឃាត់ខ្លួន២៧នាក់

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារ អនិតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានរៀបចំកសាងសំណុំរឿងបញ្ជូនម្ចាស់ហាងផឹកស៊ី ចំនួន៤នាក់ទៅកាន់តុលាការ នៅព្រឹកថ្ងៃទី ៧ខែមិថុនាឆ្នាំ ២០២៤ បន្ទាប់ពីកិច្ចប្រតិបត្តិការបង្ក្រាប ហាងផឹកស៊ីបង្កប់សេវាកម្សាន្តចំនួន៣ទីតាំង ឃាត់ខ្លួនមនុស្ស ២៧ នាក់ កាលពីរាត្រីថ្ងៃទី ៥ខែមិថុនាឆ្នាំ ២០២៤ថ្មីៗនេះ។

មន្ត្រីការិយាល័យប្រឆាំងបទល្មើសការជួញដូរមនុស្សនិងការពារអនិកជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងមួយរូបបានប្រាប់ថា កិច្ចប្រតិបត្តិការបង្ក្រាបហាងផឹកស៊ីចំនួន ៣កន្លែងបានធ្វើឡើងកាលពីយប់ថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០២៤នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ស្ថិតក្នុង ភូមិជន្កាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។ កិច្ចប្រតិបត្តិការបង្ក្រាបនេះដឹកនាំដោយលោក កែវ រ៉ាន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងមានការសហការពីមន្ត្រីនគរបាលស្រុកសាមគ្គីមានជ័យផងដែរ។

ជាលទ្ធផលក្នុងការបង្ក្រាបគឺបានឃាត់ខ្លួនមនុស្សចំនួន ២៧នាក់ ក្នុងនោះ៤នាក់ជាថៅកែហាងនិង ២៣ នាក់ជានារីរងគ្រោះ។ ចំពោះហាងដែលបានចុះបង្ក្រាបរួមមាន ៖ ទី១-យីហោគោដុត 99 រកឃើញទឹករំអិល ៣៤ បញ្ចប់ ស្រោមអនាម័យប្រើរួច១កញ្ចប់ ស្រោមអាណាម័យមិនទាន់ប្រើ១កញ្ចប់ ទូរសព្ទដៃ ៧ គ្រឿង សៀវភៅគិតបញ្ជី១ក្បាលនិងឃាត់មនុស្សស្រីចំនួន ១០ នាក់។

ទី២-យីហោ ហេងហេង 7777 រកឃើញស្រោមអនាម័យប្រើរួច ១៦ស្រោមស្រោមអនាម័យហែករួច ២១ ស្រោមនិងស្រោមថ្មីមិនទាន់ហែក ១២ ស្រោម ទូរសព្ទដៃ ១៥ គ្រឿង បារីអេឡិចត្រូនិច ៥ដើម ឧបករណ៍ជក់គ្រឿងញៀនមួយមានបំពង់បឺត ២ដើមនិងឃាត់ខ្លួនមនុស្សចំនួន ១៣នាក់ (ប្រុស១នាក់) និងទី៣-យីហោជូអ៊ី 168 រកឃើញបារីអេឡិចត្រូនិច១ដើម ទូរសព្ទដៃ ៤ គ្រឿងឃាត់ខ្លួនមនុស្សស្រីចំនួន ៤ នាក់។ ប្រភពបន្តថាក្រោយការសាកសួររយៈពេល ២ សម្រេចបញ្ជូនថៅកែហាងចំនួន 4 នាក់ទៅកាន់តុលាការចំណែកឯនារីរងគ្រោះចំនួន ២៣ នាក់បានបញ្ជូនទៅមន្ទីរសង្គមកិច្ចតាមនីតិវិធី។ លោកស្រី ប្រធានការិយាល័យ ស្តាសម្បទា នៃមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាចំពោះនារី ២៣នាក់ដែលខាងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិកជននៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនមកគឺខាងការិយាល័យបានរៀបចំបញ្ជូន នារី១១ នាក់ទៅអង្គការមេត្រីអន្តរជាតិ ដើម្បីបណ្ដុះបណ្ដាលជំនាញ សម្រាប់អនាគត ដែលពួកគេមានអាយុពី ១៥ដល់១៧ ឆ្នាំ និង នារី១២ នាក់ទៀតដែលមានអាយុ ច្រើនជាងនេះ បានឲ្យវិលត្រឡប់ទៅផ្ទះវិញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថានារីទាំងនោះសុទ្ធតែមកពីខេត្តផ្សេងៗដែលមកជួយលក់ដូរក្នុងហាងហើយរង់ចាំបម្រើសេវាកម្សាន្ត ។ ចំណែកហាងនៅទីនោះល្បីយូរហើយពុំដែលមានការបង្ក្រាបម្ដងណាឡើយ ។

ទើបតែនៅពេលនេះដោយសារតែការល្បីល្បាញខ្លាំងពេក ដែលនាំឲ្យខូចឈ្មោះខេត្តកំពង់ឆ្នាំងទើបសមត្ថកិច្ចចុះបង្ក្រាបតែម្ដង ៕

ដកស្រង់ពី៖កោះសន្តិភាព