Social Network

រថយន្តទេសចរណ៍ ក្រុមហ៊ុន ម៉ីហុង បុកស្ត្រីពីរនាក់ រងរបួសធ្ងន់នៅ ស្រុកស្វាយទាប

ស្វាយរៀង: ស្ត្រី២នាក់ បានរងរបួស យ៉ាងធ្ងន់ធ្ងរ ខណៈដែល ចុះពីរថយន្ត មកពីធ្វើការ រោងចក្រ ដឹកដៃគ្នាឆ្លងថ្នល់ ត្រូវរថយន្ត ទេសចរណ៍ របស់ក្រុមហ៊ុន ម៉ី ហុង បុកប៉ើងជាង ១០ម៉ែត្រ បោកក្បាលខ្ទុប ទៅនិងថ្នល់ ហូរឈាម តាមត្រចៀក នៅដង្ហើមចង្រិត។

ករណីនេះ បានកើតឡើង កាលពីវេលា ម៉ោង៥:២០នាទី ល្ងាចថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០១៦ លើកំណាត់ ផ្លូវជាតិ លេខ១ ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង។ បើតាម ប្រជាពលរដ្ឋ បានឃើញ ហេតុការណ៍នេះ បានឲ្យដឹងថា៖ នៅមុនពេល កើតហេតុ គេឃើញរថយន្ត ដឹកកម្មករ កម្មការិនី រោងចក្រ ហើយក៏ មានអ្នកចុះ ពេលនោះ គេឃើញ មានស្ត្រី២នាក់ ដឹកដៃគ្នា ដើរឆ្លងថ្នល់ ពីជើងមកត្បួង ឆ្លងមិនទាន់ ផុតផង ស្រាប់រថយន្ត ទេសចរណ៍ ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន ម៉ី ហុង ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D 3046 បើកបរក្នុង ល្បឿនលឿន ពីលិច មកកើត ចាប់ហ្វ្រាំងអូស ជាង២០ម៉ែត្រ ហើយមិន ទាន់អស់ល្បឿន ក៏បុកចំពី មុខរថយន្ត បែកកាង និងបណ្តាលឲ្យ ស្ត្រី២នាក់ រងរបួស យ៉ាងធ្ងន់ធ្ងរ ត្រូវប្រជាពលរដ្ឋ ជួយសម្រួល ចរាចរណ៍ ព្រោះពេលនោះ មានការកកស្ទះ យ៉ាងខ្លាំងគឺ ម៉ោងកម្មករ កម្មការិនី ចេញពីធ្វើការ និងជួយ ហៅរថយន្ត សង្គ្រោះដឹកទៅ មន្ទីរពេទ្យខេត្ត ដើម្បីធ្វើ ការសង្គ្រោះ។

ប្រភពខាងលើ បានបន្ត ឲ្យដឹង ទៀតថា ៖ ស្ត្រីរងគ្រោះ ទាំង២នាក់នោះ គេស្គាល់ ឈ្មោះទី១. មានឈ្មោះ វ័ន អាយុ ២០ឆ្នាំជាងមុខរបរ កម្មការិនី រោងចក្រ មានទីលំនៅភូមិ ព្រៃទទឹង ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង.ទី២ ឈ្មោះ សៅ ចិន អាយុ ២០ឆ្នាំជាងដូចគ្នា មុខរបរកម្មការិនី រោចក្រ មានទីលំនៅ ភូមិឃុំជាមួយគ្នា។ ក្រោយពេល កើតហេតុ តៃកុងរថយន្ត ចុះពីរថយន្ត រត់ឡើង រថយន្តមួយ គ្រឿងទៀត គេចខ្លួន បាត់ស្រមោល ទុកឲ្យជនរងគ្រោះ ទាំង២នាក់ ដេកហូរឈាម នៅនិងថ្នល់៕

ដកស្រង់ពី៖ដើមអម្ពិល