Social Network

ចុះប្រមូលប្រុសស្រីជិត៣០នាក់ ជុំគ្នា​ជក់បារីអេ​ឡិច​ត្រូនិច និងផឹកស៊ីតាមផ្លូវ ​ក្នុង​ខណ្ឌចំនួន​២

រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចម្ការមន និងច្បារអំពៅ បានចុះប្រមូលក្មេងទំនើងប្រុសស្រី ដែលប្រមូលផ្ដុំគ្នាជួបជុំជក់បារីអេឡិចត្រូនិច និងផឹកស៊ីតាមផ្លូវសាធារណៈ សរុបចំនួន២៨នាក់ នៅព្រឹកថ្ងៃទី០៦នឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីធ្វើកិច្ចសន្យាអប់រំ និងហៅអាណាព្យាបាលមកធានាទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

លោក ផន អូន អធិការរងនគរបាលខណ្ឌចម្ការមន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែមិថុនា លោកបានដឹកនាំកម្លាំងអន្ដរាគមន៍ និងប៉ុស្ដិ៍ ចុះនាំក្មេងទំនើងតាមផ្លូវសាធារណៈអប់រំនៅកន្លែងចំនួន១គោលដៅ នៅចំណុចបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ មានការប្រមូលផ្ដុំជក់បារីមានឯកសណ្ឋានសិស្សសាលា និងស្លៀកពាក់សុីវិល ចំនួន១០នាក់ ឱ្យត្រលប់ទៅផ្ទះវិញ។

លុះរសៀលថ្ងៃដដែល លោកបានដឹកនាំផ្នែកជំនាញ ប៉ុស្តិ៍រដ្ឋបាល រួមសាលាសង្កាត់ ល្បាតបង្ការបទល្មើស ក៏ប្រទះឃើញយុវជនវ័យក្មេងកំពុងប្រមូលផ្ដុំគ្នាជក់បារីអេឡិចត្រូនិច នៅហាងកាហ្វេមិនសមរម្យ ក៏បាននាំយុវជនទាំង៦នាក់យកទៅប៉ុស្តិ៍ធ្វើការអប់រំ និងប្រាប់យល់ពីប៉ះពាល់ដល់សុខភាព។

ដោយឡែក នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤នេះ បានដឹកនាំកម្លាំងអន្តរាគមន៍នាំខ្លួនយុវជនទាំង១២នាក់ (ប្រុស៧នាក់ ស្រី៥នាក់) ដែលប្រមូលផ្ដុំផឹកសុីតាមផ្លូវសាធារណៈ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលនិរោធ ដើម្បីធ្វើការអប់រំណែនាំ និងហៅអាណាព្យាបាលមកធ្វើកិច្ចសន្យា៕

ដកស្រង់ពី៖កោះសន្តិភាព