Social Network

បង្ក្រាបគ្រឿងញៀ.ន! ឡោមព័ទ្ធផ្ទះ១កន្លែង​នៅទួលសង្កែ ផ្ទុះអាវុ.ធបា.ញ់តដៃគ្នា​ជាច្រើនគ្រាប់

រាជធានីភ្នំពេញ ៖ លំនៅឋានមួយកន្លែង នៅតាមបណ្តោយប្រឡាយ បាក់ទូកខាងកើតផ្សារសាំហាន់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ធ្វើការឡោមព័ទ្ធ បង្ក្រាបគ្រឿងញៀន និងផ្ទុះអាវុធបាញ់តដៃគ្នាជាច្រើនគ្រាប់ ។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណជាង២រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្ទះមួយកន្លែង តាមប្រឡាយបាក់ទូក ខាងកើតផ្សារសាំហាន់ ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះដឹកនាំដោយលោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការស្រាវជ្រាវពីកម្លាំងការិយាល័យ ក១១ នៃមន្ទីរប្រឆាំងគ្រឿងញៀន ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ដោយមានការស្រាវជ្រាវពីកម្លាំងជំនាញនៃមន្ទីរ ប្រឆាំងគ្រឿង ញៀន សមត្ថកិច្ចក៏បានធ្វើការឡោមព័ទ្ធលំនៅឋានមួយ ដើម្បី បង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀន ។

ខណៈនោះ ជនសង្ស័យទំនងជាដឹងខ្លួនទាន់ ក៏បានបាញ់មកលើសមកលើសមត្ថកិច្ចជាច្រើនគ្រាប់ ដើម្បីគេចខ្លួន ។ ភ្លាមៗ កម្លាំងជំនាញ ដោយមានការចូលរួម ពីកម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក៏ដូចជា កម្លាំងនគរបាលនិងអាជ្ញាធរខណ្ឌឫស្សីកែវ ក៏បានធ្វើការឡោមព័ទ្ធ ផ្ទះជនសង្ស័យអស់ជាច្រើនម៉ោង ។

ទោះបីជាយ៉ាងណាគេពុំដឹងថា ជនសង្ស័យមានគ្នាប៉ុន្មាននាក់ ហើយប្រដាប់ដោយកាំភ្លើងអ្វីឡើយ ។ទន្ទឹមនោះ សមត្ថកិច្ច ប្រដាប់ដោយកាំភ្លើង អាកានិងអាវក្រោះ ក៏បានឡោមព័ទ្ធ ខ្លះក៏បានឡើង លើដំបូលផ្ទះប្រជាពលរដ្ឋ ។

តាមព័ត៌មានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៤និង៣០នាទីថ្ងៃដដែលនេះដែរ សមត្ថកិច្ចពុំទាន់បង្ក្រាបបានក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន នោះបាននៅឡើយ ហើយសមត្ថកិច្ច ក៏បានបន្ថែមកម្លាំងឈុតខ្មៅផងដែរ ។ គិតមកត្រឹមវេលាម៉ោងជាង៥រសៀលថ្ងៃដដែលនេះដែរ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងបន្តថា ជនសង្ស័យឈ្មោះហ៊ុំ បូរិន្ទ ភេទប្រុស អាយុប្រមាណ៤០ឆ្នាំ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគា មានលំនៅផ្ទះលេខ១៤៣G ភូបិបាក់ទូក ក្រុម៨ ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ខណៈនេះដែរ សមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធ និងគំរាមជនសង្ស័យ ដោយបោកគ្រាប់បែកផ្សែង ដើម្បីឱ្យជនសង្ស័យចូលខ្លួនមកសារភាព ៕

ដកស្រង់ពី៖កោះសន្តិភាព