Social Network

ដឹង​ច្បាស់​ហើយ​ជា​ថ្នាំ​ញៀន​ប្រភេទ ICE ២​កា​រ៉ុ​ង ជិត​៤០​គីឡូក្រាម ដែល​ជនល្មើស​ដឹក​តាម​ទូក

ខេត្តស្ទឹងត្រែង ៖ ក្រោយកម្លាំងអនុរក្សបរិស្ថាន និងសហគមន៍នេសាទ ចុះល្បាតតាមផ្លូវទឹក ដោយសង្ស័យលើទូកមួយគ្រឿង អាចជាទំនងធ្វើសកម្មភាពនេសាទខុសច្បាប់ កម្លាំងក៏បានបើកទូកប្រដេញតាមជនល្មើស ហើយជនល្មើសផ្អើលខ្លួនបើកទូករត់គេចបុកច្រាំង ចុះរត់ប្រាសអាយុ បន្សល់ទុកវត្ថុតាង សង្ស័យថា ជាគ្រឿងញៀន ចំនួន០២ការ៉ុង និងទូកម៉ាស៊ីន ។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិកោះហិប ឃុំអូរ ស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ។

យោងតាមការបញ្ជាក់ពីលោក និន ពិសី ប្រធានការិយាល័យតំបន់រ៉ាមសារ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១និង៣០នាទីរសៀល លោក ភោគ និមល អនុប្រធានការិយាល័យ រួមជាមន្ត្រីឧទ្យានុរក្សម្នាក់ ដោយបានសហការជាមួយកម្លាំងសហគមន៏នេសាទ ចំនួន៣នាក់ ចុះល្បាតទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទ ក្នុងភូមិសាស្ត្រតំបន់រ៉ាមសារ ។

លោកបន្តថា ក្នុងបេសកកម្មនោះ កម្លាំងបរិស្ថាន និងសហគមន៍ បានចុះល្បាតដល់ចំណុចប៊ុងក្រាក់ ក្បាលភូមិវ៊ើនសៀន កម្លាំងបានប្រទះឃើញអ្នកបើកទូក១គ្រឿង គួរឲ្យសង្ស័យ កម្លាំងក៏បានបើកទូកដេញតាម រហូតដល់ចំណុចក្បាលកោះតាហឿង ស្ថិតក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ជនសង្ស័យបានបើកទូកបុកច្រាំង ហើយរត់គេចខ្លួនបាត់ បន្សល់ទុកនៅវត្ថុតាង ទូក១គ្រឿង ម៉ាស៊ីនម៉ាក TBC ១គ្រឿង និងការ៉ុង ផ្ទុកដោយវត្ថុសង្ស័យជាថ្នាំញៀនចំនួន ២ការ៉ុង ក្នុងនោះការ៉ុងមួយចងមាត់ជិត និងការ៉ងមួយទៀតរហែកម៉ាត់ ។

លោកបន្ថែមថា ក្រោយពីមានការសង្ស័យ លើវត្ថុនៅក្នុងការ៉ុងនោះ កម្លាំងក៏បានទំនាក់ទំនង សូមសហការជាមួយកម្លាំអធិការស្រុក ហើយខាងអធិការ ក៏បានធ្វើកំណត់ហេតុ រួចបញ្ជូនមកកាន់ស្នងការនគារបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនិតិវិធី ។ យោងតាមការអោយដឹង ក្រោយត្រួតពិនិត្យ និងធ្វើតេស្ត មន្ត្រីជំនាញបានបង្ហាញថា វត្ថុតាង ដែលរឹបអូសបានរួមមានគ្រឿង ញៀន ប្រភេទបេតំហ្វេតាមីន (ICE) ចំនួន ៣៩ដុំ ស្មើនឹង ៣៨,៩៩៧.៦៦ក្រាម និងទូកស្មាច់ពណ៌ទឹកប៊ិច ចំនួន០១គ្រឿង និងម៉ាស៊ីនចំនួន០១ ម៉ាក់ TBC កម្លាំង១៨សេះ ។

ទាក់ទិន ការដឹកជញ្ជូនគ្រឿងញៀន តាមផ្លូវទឹកខាងលើនោះ មានមតិមួយចំនួនបានលើកឡើងថា ក្រោយពេលកម្លាំងអនុរក្សបរិស្ថានតំបន់រ៉ាមសារ រួមនិងកម្លាំងសហគមន៍ ចុះល្បាតក៏ប្រទះដោយចៃដន្យ នៅទូកសង្ស័យ ក៏បានដេញតាម គ្រានោះជនសង្ស័យ ក៏បានដឹងខ្លួន ហើយបន្ថែមល្បឿន បើកទូកគេចពីកម្លាំងសមត្ថកិច្ច ទៅបុកច្រាំង ដើម្បីគេចខ្លួន ហើយកម្លាំងសមត្ថកិច្ចបានទៅដល់ ក៏ប្រទះឃើញវត្ថុសង្ស័យ នៅលើទូកចំនួន ពីរការ៉ុង ដោយការ៉ុងមួយបិទមាត់ជិត និងការ៉ុងមួយទៀតប្រហែកមាត់ គេក៏បានដាក់ការសង្ស័យថា ខណៈពេល ដែលជនល្មើសបើកទូកតែម្នាក់ឯង គេចពីសមត្ថកិច្ចនោះ ជនសង្ស័យបើកទូកបណ្ដើរ ស្រាយមាត់ការ៉ុងបណ្តើរ និងយកគ្រឿងញៀនទម្លាក់ចុះទឹកទន្លេ ដើម្បីបំបាត់ភស្តុតាង តែដោយសារ ស្ថានភាពមិនអាចធ្វើអ្វីទាន់ ក៏បន្សល់ទុកវត្ថុតាងទាំងនោះ លើទូក រួចរត់ឡើងគោកគេចខ្លួន តែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យបានរត់គេចខ្លួន ចំណែកឯវត្ថុតាងខាងលើ បានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធីច្បាប់ ៕

«គ្រឿងញៀ.ន២ការ៉ុងដឹកតាមទូកចេញពីប្រទេសជិតខាង ឆ្លងកាត់កម្ពុជា ត្រូវអស់លក្ខណ៍»

ដកស្រង់ពី៖កោះសន្តិភាព