Social Network

តុលាការខេត្តកំពង់ចាម សម្រេចឃុំខ្លួន អ្នកបើកបររថយន្ត បុកជនរងគ្រោះ បណ្តាលឲ្យស្លាប់និងរបួស

កំពង់ចាម ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកំពង់ចាម លោក ខៀវ សន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ បានចេញដីកាបង្កាប់ឲ្យឃុំខ្លួន លេខ ១៥៧ឃ.ខ សម្រេចឲ្យឃុំខ្លួនឈ្មោះ ចេង វិសាល ពីបទបើកបរ ដោយធ្វេសប្រហែស ខ្ចីខ្ចា មិនប្រយត្ន័បណ្តាលឲ្យរបួស និងស្លាប់ដល់អ្នកដទៃ ។

សូមរំលឹកថា កាលពីវេលាម៉ោង ១២និង១០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចខាងជើងស្ពានព្រែក ភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ករណី រវាងរថយន្តម៉ាក់វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២G-៣២៦៧ បើកបរដោយឈ្មោះ ចេង វិសាល ភេទប្រុស អាយុ៣១ឆ្នាំ មានអាស័យដ្ឋាន ផ្ទះលេខ២២B សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ(ក្នុងដំណើរពីជើងទៅត្បូង) ដោយដឹកទុយោតូច ចំនួន៥០ដើម និងទុយោធំ០៤ដើម ហើយបាក់ ទំពួកចងខ្សែរួចរេលទុយោ ទៅបុកអ្នកបើកម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ សេក បូវីន ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិ៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ក្នុងដំណើរ ពីត្បូងទៅជើង) បណ្តាលឲ្យអ្នកបើកបរម៉ូតូដូល បោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងអ្នកជិះ ជាមួយឈ្មោះ ពុយ ស៊ីបូរិន ភេទស្រី អាយុ៥៣ឆ្នាំ រង់របួសធ្ងន់(ត្រូវជាម្តាយអ្នកបើកបរ) ហើយអ្នកបើករថយន្ត ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនភ្លាមៗ ក្រោយកើតហេតុផងដែរ ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ ៕

ដកស្រង់ពី៖ ដើមអម្ពិល