Social Network

ឯកឧត្តម ហ៊ុន ម៉ា​នី ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​ប្អូនប្រុស លី សុង និង​គូ​ដណ្តឹង ករណី​ឧកញ៉ា​ម្នាក់​បា​ញ៉​ប្រហារ​ស្លា.ប់​២​នាក់ របួសធ្ងន់​ម្នាក់

រាជធានីភ្នំពេញ ៖ គូរដណ្តឹងវ័យក្មេង២នាក់ បានស្លា.ប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារតែឧកញ៉ាម្នាក់ បានដកកាំភ្លើងបាញ់ប្រហារដោយសារតែរឿងទំនាស់ផ្ទះជិតខាង ទាក់ទងនឹងស្នួលខោអាវ ។

ករណីបាញ់ប្រហារកើតឡើងនាវេលាម៉ោង០៣និង៥០នាទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងបុរី ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះលើផេកហ្វេសប៊ុកថា ៖ ខ្ញុំមានក្តីតក់ស្លុត ដែលបានទទួលព័ត៌មានអំពីហេតុការណ៍ដ៏រន្ធត់មួយ ដែលបានបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សចំនួន០២នាក់ គឺប្អូនប្រុស លីសុង និងគូដណ្តឹង។

ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពរបស់ប្អូនទាំងពីរ ។ ឯកឧត្តម ហ៊ុន ម៉ានី សម្ដែងការសោកស្តាយ ចំពោះការបាត់បង់ជីវិតយ៉ាងផុយស្រួយបំផុត ដែលផ្តើមចេញពីជម្លោះរហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ក្លាយជាឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត។ ឯកឧត្តម ពិតជាមិនចង់ឱ្យហេតុការណ៍នេះកើតឡើងនោះឡើយ និងថ្កោលទោសជាដាច់ខាតលើទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃបែបនេះ ។ ឯកឧត្តម ហ៊ុន ម៉ានី សូមកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ច ដែលបានខិតខំតាមចាប់ជនល្មើសដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់ ។ ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា យើងគួរតែមានការយោគយល់អធ្យាស្រ័យគ្នា ក្នុងនាមជាសង្គម ដែលកាន់ព្រះពុទ្ធសាសនា ដែលប្រកាន់ខ្ជាប់នូវសីលធម៌ និងខន្តី។ ជាចុងក្រោយ ឯកឧត្តម សូមអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមលើកកម្ពស់វប្បធម៌សន្តិភាព ការអត់ឱន យោគយល់អធ្យាស្រ័យខ្ពស់ ដើម្បីសង្គមកម្ពុជាមានភាពសុខដុមរមនា និងសុភមង្គល ។ បើតាមវីដេអូបុរសម្នាក់ឈ្មោះ ស្រី ស៊ីណា ដែលមានងារជាឧកញ៉ា បានសារភាពថា គាត់បានដកកាំភ្លើងបាញ់ ដោយសារជនរងគ្រោះ បានជេរគាត់នៅក្នុងរឿងជម្លោះ ទាក់ទង នឹងការដាក់ស្នួលខោអាវ ។

តាមសាច់រឿងឧកញ៉ារូបនេះ បានអោយដឹងថា “គាត់បានជួលផ្ទះអោយគេ ហើយមានបញ្ហាស្នួលហាលខោអាវ ជាមួយផ្ទះជិតខាង។ ឧកញ៉ារូបនេះ ក៏បានមកអន្តរាគមន៍ ហើយចូលដល់ផ្ទះជនរងគ្រោះ ហើយគាត់ត្រូវជនរងគ្រោះជេរ។ ដូច្នេះ គាត់ក៏ដកកាំភ្លាំង ដែលមានៅជាប់ខ្លួនស្រាប់បាញ់ប្រហារតែម្តង” បណ្ដាលឲ្យស្លា.ប់២នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ៕

ដកស្រង់ពិ៖កោះសន្តិភាព