Social Network

បង្ហាញមុខឃា.តករជាឪពុកចុង​សម្លា.ប់​កូន​៤​ខែ និង​ក្រុម​រហស្សនាម​ «​ក្តាន់​២»

រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានធ្វើសន្និសីទសាព័ត៌មានបង្ហាញមុខឃាតករដ៍សាហាវម្នាក់ ដែលបានវាយ និងច្របាច់កសម្លាប់ទារកអាយុ៤ខែដែលជាកូនចុង នៅក្នុងមូលដ្ឋានខណ្ឌទួលគោក និងក្រុមក្មេងជំនើងបង្កហិង្សាដោយចេតនា សរុបទាំងអស់១៣នាក់ផ្សេងទៀត ។

គួររំលឹកថា ឪពុកចុងចិត្តអប្រិយ វា.យស.ម្លា.ប់កូនប្រុសអាយុ៤ខែ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយមានការដឹកនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ច ការិយាល័យជំនាញ និងនគរបាលនៃអធិការដ្ឋានខណ្ឌទាំង១៤ បានយកចិត្តទុកដាក់បង្ក្រាបបានក្រុមក្មេងទំនើង និងជនសង្ស័យប្រព្រឹត្តិបទល្មើសជាបន្តបន្ទាប់ ហើយត្រូវបានបង្ហាញមុខជាសាធារណៈនៅពេលនេះ ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឱ្យដឹងទៀតថា ជនសង្ស័យដែលបង្ហាញមុខនៅពេលនេះ បានប្រព្រឹត្តបទល្មើស៣ករណីផ្សេងគ្នា ដែលបានប្រព្រឹត្តិនៅក្នុងរាជធានីភ្នំពេញគឺ១-ករណីឃាតកម្មមានស្ថានទម្ងន់ទោស ដែលច្របាច់កសម្លាប់ទៅលើទារកអាយុ៤ខែ នៅក្នុងមូលដ្ឋានខណ្ឌទួលគោក ។

ជននេះជាមុខសញ្ញាចាស់ ដែលធ្លាប់ជាប់ពន្ធនាគារ និងមានទំនាក់ទំទងជាមួយម្តាយក្មេងរងគ្រោះ ។ បន្ទាប់ពីវាយនិងច្របាចកសម្លាប់ទារក រួចមកឃាតកររូបនេះក៍បានរត់គេចខ្លួនទៅស្រុកំណើតនៅឯខេត្តព្រៃវែង រួចក៍បានត្រឡប់មកភ្នំពេញវិញ ក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលខណ្ឌទួលគោកឃាត់ខ្លួនបាន ។ នេះជាអំពើឃាតកម្មមួយយ៉ាងឃោរឃៅ ដែលឃាតករបានវាយសម្លាប់ក្មេងទើបមានអាយុ៤ខែយ៉ាងសាហាវ ។ ករណីទី២ គឺបង្ហាញជនសង្ស័យជាក្មេងទំនើង ជាក្រុមរហស្សនាម«ក្តាន់២» ដែលបានប្រើហិង្សាដោយចេតនា កាប់ទៅលើគូទំនាស់បណ្តាលឱ្យរងបួសម្នាក់ ដោយកាប់ត្រូវខ្នងចំនួន២កាំបិត ហើយត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវ ឃាត់ខ្លួនបានចំនួន៦នាក់ ក្នុងចំណោមបក្សពួកចំនួន១៤នាក់ ហើយសមត្ថកិច្ចបន្តស្រាវជ្រាវចាប់បក្សពួកបន្តទៀត ។ ៣-ជាក្រុមក្មេងទំនើងចំនួន៦នាក់ ត្រូវបានកម្លាំងអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យបង្ក្រាបបាន ហើយដកហូតបានកាំបិត រណារអារទឹកកក និងដាវផងដែរ ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងទៀតថា ដោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលលោកបានដាក់បទបញ្ជា និងវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ការទប់ស្កាត់ក្មេងទំនើង និងចាត់វិធានការក្នុងការបង្ក្រាបបទល្មើសផ្សេងទៀត ដូចជាបទល្មើសលួច ឆក់ ប្លន់ ក្នុងកំឡុង ដែលបង្ការ ទប់ស្កាត់ បង្ក្របក្មេងទំនើង ដើម្បីការពារ ថែរក្សាសន្តិសុខ សុវត្តិភាពជួនប្រជាពលរដ្ឋ ។

លោកវរសេនីយ៍ឯកបានឱ្យដឹងទៀតថា នៅក្នុងយុទ្ធនាការបង្ក្រាបក្មេងទំនើង ចាប់ពីថ្ងៃទី២៣រហូតមកដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលនៅតាមបណ្តាខណ្ឌ ក៍បានបង្ក្រាបបានក្រុមក្មេងទំនើង៣២ករណី ឃាត់ខ្លួនបាន១៣៦នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៍បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ បន្តបង្ក្រាបទប់ស្កាត់ ក្រុមក្មេងទំនើង ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព និងមានការថយចុះ ៕

ដកស្រង់ពី៖កោះសន្តិភាព