Social Network

ខ្មាន់កាំភ្លើង​ងារ​ជា​ឧកញ៉ា ហៅ​ថា​”​ចារី​”​និង​”​សហចារី​”២​នាក់​ទៀត ត្រូវ​បញ្ជូន​ទៅ​តុលាការ ករណី​បា.ញ់ប្រហារ​មនុស្ស​៤​នាក់ រឿង​ស្នួ​រហាល​ខោអាវ​លើ​ព្រំ​ដី

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនខ្មាន់កាំភ្លើង មានងារឧកញ៉ា ជាជនដៃដល់ហៅថា “ចារី” និងជនសង្ស័យ២នាក់ទៀត ហៅថា “សហចារី” ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធសំណុំរឿងឃាតកម្ម បាញ់សម្លា.ប់គូដណ្ដឹងមួយគូ និងមនុស្ស២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល គ្រាន់តែទំនាស់រឿងស្នួហាលខោអាវ នៅរបងព្រំផ្ទះជាប់គ្នា ។

ជនសង្ស័យទាំង០៣នាក់ រួមមាន ៖ ១.ឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ៥០ឆ្នាំ មានងារជាឧកញ៉ា ហៅថា “ចារី” ជាជនដៃដល់ ខ្មាន់កាំភ្លើងបាញ់ប្រហារលើជនរងគ្រោះ ។ ២.ឈ្មោះ សាន សុខចំរើន ភេទប្រុស អាយុ២៧ឆ្នាំ មានតួនាទី ជិះម៉ូតូឌុបឧកញ៉ា ដែលជនដៃដល់ ចុះពីរថយន្តទៅកន្លែងកើតហេតុ ។ ៣.ឈ្មោះ ទិន ទូច ភេទប្រុស អាយុ២៦ឆ្នាំ មានតួនាទីជិះម៉ូតូឌុបឧកញ៉ា ដែលជនដៃដល់ ចេញពីកន្លែងកើតហេតុទៅជិះរថយន្ត ដើម្បីគេចខ្លួន ។ សំណុំរឿងបានដល់ស្ថាប័យអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញហើយ គឺស្ថិតនៅលោក ប្លង់ សុផល ព្រះរាជអាជ្ញារង កំពុងពិនិត្យរបាយការសំយោគរបស់សមត្ថកិច្ច ដើម្បីត្រៀមបើកការស៊ើបសួរលើជនសង្ស័យ ។

យោងតាមរបាយការសំយោគរបស់សមត្ថកិច្ច ដាក់ជូនស្ថាប័នអយ្យការនោះ បានចោទប្រកាន់ជនសង្ស័យ ទាំង០៣នាក់ ពីបទ”ឃាតកម្ម កាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់” ។ នារសៀលថ្ងៃនេះ តំណាងអយ្យការ មិនទាន់បានបើកការសាកសួរជនសង្ស័យនៅឡើយទេ ហើយបានប្រគល់ឲ្យសមត្ថកិច្ចនាំទៅឃុំខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង បណ្តោះអាសន្នវិញ តម្រូវឲ្យព្រឹកថ្ងៃទី២០ យកជនសង្ស័យទៅសាកសួរជាផ្លូវការ ។ សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅបុរីមួយកន្លែង ក្នុងតំបន់បឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ ខ្មាន់កាំភ្លើងជាឧកញ៉ា បានបាញ់មនុស្សដូចចាប បណ្តាលឲ្យ ២នាក់បាត់បង់អាយុជីវិត និង២នាក់រងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅសង្ក្រោះនៅមន្ទីរពេទ្យ នោះដែលខ្មាន់កាំភ្លើងមានងារជា “ឧកញ៉ា” ដោយផ្តើមចេញពីទំនាស់រឿងយកស្នួខោអាវហាលលើព្រំដីជាប់របងផ្ទះជាមួយគ្នា ។ ក្រោយកើតហេតុមិនបានប៉ុន្មានម៉ោងផង សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល តាមក្របួចបានជនសង្ស័យ និងបក្ខពួកមួយក្រុម ដែលខ្មាន់កាំភ្លើងជាជនដៃដល់ មានងារជាឧកញ៉ា ។

សូមជម្រាបថា ៖ «នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ជម្រាបព័ត៌មានផ្លូវការ ករណីឧកញ៉ា ស្រី ស៊ីណា បា.ញ់ប្រហារស្លា.ប់២នាក់ របួស២នាក់ នៅខណ្ឌច្បារអំពៅ» ហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើង នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និង២នាក់ទៀតរងរបួស ត្រង់ចំណុចបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កដោយជនដៃដល់ម្នាក់ឈ្មោះ ស្រី ស៊ីណា និងមានគោរមងារជាឧកញ៉ា ។ ក្រោយហេតុការណ៍នេះ បានកើតឡើង ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង និងលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ។ រហូតដល់ម៉ោង១៧និង៣០នាទីថ្ងៃដដែល នៅចំណុចផ្លូវជាតិ៥១ ភូមិអន្ទង់ក្រវែន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងជំនាញនាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ៥០ឆ្នាំ អាសយដ្ឋានផ្ទះលេខ៤៤ ផ្លូវលេខ៣៩០ ភូមិ១ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីយកមកធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ។

បន្ទាប់ពីនេះ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់ជនសង្ស័យចំនួន២នាក់ មកនាយកដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី ដែលក្នុងនោះម្នាក់ជាអ្នកដឹកជនសង្ស័យទៅធ្វើសកម្មភាព និងម្នាក់ទៀត ដឹកជនសង្ស័យ ក្រោយធ្វើសកម្មភាពឡើងជិះរថយន្ដ រួមមាន ៖ ឈ្មោះ សាន សុខចំរើន ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ ទិន ទូច ភេទប្រុស អាយុ២៦ឆ្នាំ ។

សម្ភារដកហូតរួមមាន អាវុធខ្លីម៉ាក STOEGER COUGAR 8000 លេខT942907-A008684 គ្រាប់ចំនួន១៨គ្រាប់ បង់ចំនួន០២ (សម្រាប់ធ្វើសកម្មភាព), រថយន្ត១គ្រឿងម៉ាក SSANG YONG REXTON ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BL-9923, ទូរសព្ទចំនួន៤គ្រឿង, រថយន្ត១គ្រឿង ម៉ាក TOYOTA RAIZE ពណ៌ខៀវ ពាក់ផ្លាកលេខ 2BQ-3654 និងម៉ូតូ១គ្រឿង ម៉ាក HONDA ZOOMER X ពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GX-9541 ។ ដោយឡែក ជនរងគ្រោះ ក្នុងហេតុការណ៍នេះ មានចំនួន៤នាក់ ៖ ទី១៖ ឈ្មោះ ឡុង លីសុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (ស្លាប់) ទី២៖ ឈ្មោះ ឃីន កញ្ចនា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (ស្លាប់) ទី៣៖ ឈ្មោះ សុខុម រ៉ាចាណៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ (រងរបួស) ទី៤៖ ឈ្មោះ ហុង រិទ្ធារ័ក្ស ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ (រងរបួស)។ ក្រោយបញ្ចប់ការសួរនាំ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៣នាក់ ដោយម្នាក់ជាជនដៃដល់ឧកញ៉ា ស្រី ស៉ីណា និង២នាក់ទៀត ជាអ្នកឌុប ដើម្បីទៅធ្វើសកម្មភាព និងក្រោយធ្វើសកម្មភាព បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព