Social Network

នគរបាល​មូលដ្ឋាន ឃាត់​មុខសញ្ញា​លួច និង​ទទួលផល​ចោរកម្ម បញ្ជូន​ទៅ​ថ្នាក់លើ មិន​បាន​ប៉ុន្មាន ឃើញ​មាន​សេរីភាព​យ៉ាង​រំភើយ

ខេត្តកំពង់ស្ពឺ ៖ ក្រោយពីសមត្ថកិច្ចទទួលពាក្យបណ្ដឹង ស្ដីពីការបាត់គោរបស់ប្រជាពលរដ្ឋជាញឹកញាប់កន្លងមក សមត្ថកិច្ចនគរបាលស្រុកគងពិសី បានបើកប្រតិបត្តិការស្រាវជ្រាវ ដោយសហការជាមួយម្ចាស់គោ រហូតឃាត់មុខសញ្ញាទទួលផលចោរកម្ម បាន២នាក់ តែទីបំផុតនៅពេលដែលកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញហើយនោះ មិនដឹងថា ជនសង្ស័យមានមន្តវិជ្ជាការអ្វីឡើយ ពេលដែលបញ្ជូនបន្តទៅដល់តំណាងអយ្យការ ក៏ត្រូវបានធានាឲ្យនៅក្រៅឃុំ ។

ការដែលអង្គអយ្យការ សម្រេចមិនឃុំខ្លួនមុខសញ្ញាទទួលផលចោរកម្ម ធ្វើឲ្យសមត្ថកិច្ចមូលដ្ឋានអស់សង្ឃឹម និងបាក់ទឹកចិត្តជាខ្លាំង ក្នុងការបង្ការបង្ក្រាបទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ។ សមត្ថកិច្ចនគរបាលស្រុកគងពិសី បានបញ្ជាក់ប្រាប់ផងដែរថា កាលពីម៉ោង១៥និង១៥នាទីថ្ងៃទី០៣ មិថុនា ២០២៤ ឈ្មោះ ឌីន ដា ភេទប្រុសអាយុ៣៩ឆ្នាំ នៅភូមិស្រង់(ត្បូងបឹង) ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានបាត់មេគោ ដែលលែងអោយស៊ីស្មៅ តាមវាលស្រែ ហើយបងប្អូនបាននាំគ្នាចេញដើរ រកតែមិនឃើញ ។

ប្រភពពីសមត្ថកិច្ច បានបន្តថា លុះព្រឹកឡើងថ្ងៃទី០៤ មិថុនា ម្ចាស់គោ បាននាំគ្នាចេញតាមរកទៀត នៅលើផ្លូវជាតិលេខ៣ ឃើញម៉ូតូរឺម៉កមួយគ្រឿង ដឹកគោបើកពីមុខ ដោយមានការសង្ស័យ ក៏បាននាំគ្នាជិះតាមពីក្រោយ ម៉ូតូរឺម៉កនោះ នៅពេលដែលជិះតាម ក៏ឃើញរ៉ឺម៉កម៉ូតូនោះ បត់ចូលក្នុងភូមិព្រៃស្រូល ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចូលក្នុងបរិវេណដីឡូត៍ផ្ទះ ពេលនោះម្ចាស់គោ បានឃើញមេគោដែលបាត់ខាងលើនៅទីនោះ ក៏បានរាយការណ៍មកសមត្ថកិច្ច ។ ប្រភពពីសមត្ថកិច្ច បន្តទៀតថា ក្រោយពីទទួលសេចក្តីរាយការណ៍សមត្ថកិច្ច បានហៅម្ចាស់ផ្ទះឈ្មោះ យ៉ែត នាង ហៅ(អួយ) ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិព្រៃស្រូល ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ មកសាកសួរ ។ ក្រោយសួររួច ឈ្មោះនេះ បានឆ្លើយសារភាពថា ខ្លួនបានទិញពីឈ្មោះ ខៀវ ប្រុសតូច ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី តំលៃ ២,២៥០,០០០ (ពីរលានពីរសែនប្រាំម៉ឺនរៀល) កាលពីថ្ងៃទី២៩ ឧសភា ២០២៤ ផ្ញើលុយតាមវីង បន្ទាប់មកសមត្ថកិច្ច បន្តហៅឈ្មោះ ខៀវ ប្រុសតូចនេះមកធ្វើការសាកសួរ ។

ក្រោយសួររួច ឈ្មោះនេះបានឆ្លើយសារភាពថា ខ្លួនបានទិញពីជនមិនស្គាល់អត្តសញ្ញាណ ២នាក់ប្ដីប្រពន្ធ ក្នុងតំលៃ ២,២៥០,០០០រៀល (ពីរលានពីរសែនប្រាំម៉ឺនរៀល) នៅចំណុចខាងជើងក្លោងទ្វារវត្ត កូនព្រះពុទ្ធមានបុណ្យ (វត្តលោកតាសក់វែង) ស្ថិតនៅភូមិស្រង់(ត្បូងបឹង) ឃុំស្រង់ ស្រុកគងពិសី ហើយបានតេទូរសព្ទឲ្យឈ្មោះ យ៉ែត នាង មកយកគោ ដែលបានទិញនៅផ្ទះរបស់ផ្ទះខ្លួន ។ ដោយមានការសង្ស័យ សមត្ថកិច្ចជំនាញ បាននាំខ្លួនមុខសញ្ញាសង្ស័យទាំង០២នាក់ មកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យក៏បានឆ្លើយសារភាពពីសកម្មភាពរបស់ខ្លួន ដើម្បីកត់ត្រាចូលក្នុងសំណុំរឿង ។ ក្រោយពីស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរ រួចមក សមត្ថកិច្ចក៏បានបញ្ជូនបន្តទៅការិយាល័យជំនាញ ហើយបន្តកសាងបញ្ជូនទៅតំណាងអយ្យការ ចាត់ការតាមនីតិវិធី។ ក្រោយកសាងសំណុំរឿងរួចរាល់ហើយ សមត្ថកិច្ចនគរបាលស្រុកគងពិសី ក៏បានប្រគល់មេគោជូនម្ចាស់គោវិញផងដែរ ។ ប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា ក្រោយពីឃាត់ខ្លួនក្រុមជនសង្ស័យទាំងពីរនាក់ខាងលើនេះ បានរយៈពេលពីរថ្ងៃ បញ្ជូនទៅការិយាល័យជំនាញ ស្រាប់តែសមត្ថកិច្ច បានឃើញជនសង្ស័យមានសេរីភាពយ៉ាងរំភើយ ពេលសួរនាំ ត្រូវបានគេប្រាប់ថា រូបគេត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ ជាថ្នូរនឹងលុយយ៉ាងច្រើនសន្ធឹក ។

ពាក់ព័ន្ធនឹងករណីដោះលែងជនសង្ស័យលួចគោប្រជាពលរដ្ឋ និងអ្នកទទួលផលចោរកម្មនេះដែរ អង្គភាពយើងខ្ញុំ បានទំនាក់ទំនងទៅលោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចង់ដឹងបញ្ជាក់ព័ត៌មានលម្អិតដែរ ប៉ុន្តែលោកបានឆ្លើយថា លោកមិនបានដឹងរឿងនេះទេ ៕

ដកស្រង់ពី៖កោះសន្តិភាព