Social Network

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ យក​ពូថៅ​វាយ​លើ​អតីត​ប្រពន្ធ និង​អតីត​ម្ដាយក្មេក នៅ​ស្រុក​កងមាស

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង១៥៖៣០នាទីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញនាយកដ្ឋាន សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ សារី ធារក្ស ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានភូមិគកក្របី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ពាក់ព័ន្ធករណីប៉ុនប៉ងឃា.តកម្ម ។

សូមជម្រាបថា នៅវេលាម៉ោងប្រហែល២១និង២០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ មានករណីប៉ុនប៉ងឃា.តកម្ម នៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម លើជនរងគ្រោះឈ្មោះ ព្រួយ សុខណាង ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និងម្តាយឈ្មោះ វ៉ន វណ្ណើ អាយុ៥២ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយឈ្មោះ ព្រួយ សំណាង និងឈ្មោះ វ៉ន វណ្ណើន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យរាជធានីភ្នំពេញ ។

តាមចម្លើយសាកសួរបឋមរបស់ជនសង្ស័យ បានសារភាពថា ខ្លួនបានពូថៅ ទៅវាយអតីតប្រពន្ធឈ្មោះ ព្រួយ សុខណាង និងអតីតម្តាយក្មេកឈ្មោះ វ៉ន វណ្ណើ ដែលទើបលេងលះគ្នារយៈពេលប្រហែល០១ខែ បណ្តាលឲ្យរងរបួសជាទម្ងន់ ពិតប្រាកដមែន ។ បច្ចុប្បន្ន នាយដ្ឋានបានប្រគល់ជនសង្ស័យខាងលើ ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព