Social Network

ផ្ទុះអាវុធ​ច្រើន​គ្រាប់ ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ក្នុង​ចំណោម​២​នាក់ និង​គ្រឿងញៀ.ន​ជិត​៩​គីឡូក្រាម នៅ​ស្រុក​ស្វាយ​ទាប

ខេត្តស្វាយរៀង ៖ មានការផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងពេលសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមម្នាក់ ដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែនដោយខុសច្បាប់ ទម្ងន់ជិត០៩គីឡូក្រាម ក្នុងភូមិសាស្ដ្រស្រុកស្វាយទាប ។

បើតាមសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានសមត្ថកិច្ចនគបាលខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួន រួមទាំងរឹបអូសបានគ្រឿងញៀន ទម្ងន់ជិត៩គីឡូក្រាម នៅភូមិសាស្ត្រទឹកដីស្រុកស្វាយទាប ។

សមត្ថកិច្ច បានឲ្យដឹងកាលពីថ្ងៃទី១៧ ខែកក្កដា ម្សិលមិញនេះថា ការបង្ក្រាបក្រុមឧក្រិដ្ឋជនជនជាតិវៀតណាមខាងលើនេះ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ត្រី ប៉ាន់ ស៊ីរ៉ូ ស្នងការរងទទួលផែនការងារព្រំដែន និងលោកវរសេនីយ៍ទោ គង់ សាគុន ស្នងការរងទទួលដឹកនាំ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១១ ព្រមទាំងមានការសម្របសម្រួលផ្ទាល់ពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា នៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្លូវខ្សែក្រវាត់ព្រំដែន ចន្លោះបង្គោលព្រំដែនលេខ១៦១-១៦២ ស្ថិតក្នុងភូមិអូតាមោ ឃុំមនោរម្យ ស្រុក ស្វាយទាប ខេត្តស្វាយរៀង កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែន ព្រៃតាអីវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១១ បានចេញល្បាតនៅតាមបន្ទាត់ខ្សែក្រវាត់ព្រំដែន។ ខណៈកំពុងចេញល្បាតចំណុចខាងលើ ក៏បានជួបមុខសញ្ញាសង្ស័យជនជាតិវៀតណាម ចំនួន០២នាក់ ជិះម៉ូតូ០២គ្រឿង ដោយមានការសង្ស័យសមត្ថកិច្ច ក៏បានហៅឱ្យឈប់ ដើម្បីត្រួតពិនិត្យកញ្ចប់កេសអីវ៉ាន់ ដែលជនសង្ស័យដឹកតាមម៉ូតូ ពេលនោះជនសង្ស័យដឹងខ្លួន ក៏ផ្តួលម៉ូតូ និងកញ្ចប់អីវ៉ាន់ចោល រួចរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាម នៅពេលកម្លាំងដេញតាមជនសង្ស័យនោះ ជនសង្ស័យក៏បានដកអាវុធខ្លី បាញ់សម្ដៅមកលើសមត្ថកិច្ចជាច្រើនគ្រាប់ តែមិនបង្កឱ្យមានគ្រោះថ្នាក់មកលើកម្លាំងយើងនោះទេ ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅពេលត្រួតពិនិត្យកេសអីវ៉ាន់ ដែលជនសង្ស័យទម្លាក់ចោលនោះ សមត្ថកិច្ចបានឆែកក្នុងកេស ឃើញមានវត្ថុតាងមួយចំនួន រួមមាន ៖ ម្សៅក្រាមពណ៌សថ្លា ជាថ្នាំញៀនប្រភេទកេតាមីន ចំនួន០៩កញ្ចប់ ទម្ងន់សុទ្ធ ៨៨៦៣,៧៣ក្រាម (៨គីឡូ៨៦៣.៧៣ក្រាម), បង់អាវុធខ្លី០១ មានគ្រាប់០៤គ្រាប់, សំបកផ្ទុះ០៣ ម៉ូតូ០២គ្រឿង និងអត្តសញ្ញាណប័ណ្ណជនជាតិវៀតណាម ០១សន្លឹក ។

តាមរយៈកិច្ចសហប្រតិបត្តិការ នៃការបញ្ជូនព័ត៌មានពីសមត្ថកិច្ចកម្ពុជា បានទាន់ពេលវេលា នៅវេលាម៉ោង០៧ព្រឹកក្នុងថ្ងៃដដែល សមត្ថកិច្ចវៀតណាម បានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមបានម្នាក់ នៅក្នុងទឹកដីប្រទេសវៀតណាម រីឯបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព