Social Network

បទបញ្ជា​អភិបាលខេត្ត ត្រឹម​ពីរ​ថ្ងៃ កម្លាំង​អាវុធហត្ថ បង្ក្រាប​សម្បុក​ចោរ​ទ្រង់ទ្រាយ​ធំ

ខេត្តស្ទឹងត្រែង ៖ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោកអភិបាលខេត្តថ្មី បានជំរុញដល់កម្លាំងសមត្ថកិច្ចខំប្រឹងបន្ថែមទៀតនៅក្នុងការចុះបង្ក្រាបបទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងទឹកដីខេត្តស្ទឹងត្រែង ក្រោយក្រុមចោរកម្មបានប្រព្រឹត្តសកម្មភាពផ្សេងៗ ដែលបង្កឲ្យកើតមានអសន្តិសុខនៅក្នុងខេត្ត ។

រយៈពេល នៃការចូលកាន់មុខតំណែងជាអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានណែនាំដល់កងកម្លាំងទាំងពីរប្រភេទដើម្បីពង្រឹងការបង្ក្រាបរាល់បទល្មើសផ្សេង ដូចជាការជួញដូរគ្រឿងញៀន ក្មេងទំនើងល្បែងស៊ីសង ចោរកម្ម និងអំពើបទល្មើសផ្សេងៗទៀតដែលកើតមាននៅក្នុងខេត្ត ។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ក៏បានថ្លែងការកោតសរសើរដល់កម្លាំងអាវុធហត្ថ ដែលបានធ្វើការចុះបង្ក្រាបបទល្មើសបានទាន់ពេលវេលា ក្រោយកើតមានអំពើចោរកម្មផ្សេងៗ ក្នុងរយៈពេលខ្លី លោកបានដាក់បទបញ្ជាភ្លាមកម្លាំងកងរាជអាវុធ ហត្ថត្រឹមតែ ២ថ្ងៃ អាចបំបែកសំណុំរឿងករណីចោរកម្មទ្រង់ទ្រាយធំ ដែលធ្វើឲ្យខេត្តស្ទឹងត្រែងទទួលបានសុខសុវត្ថិភាព ។

ថ្លែងក្នុងគ្រានោះ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងទាំងអស់ សុំឱ្យមានការជឿជាក់ទៅលើកម្លាំងមានសមត្ថកិច្ច ដែលបានខំប្រឹងប្រែងដុតដៃដុតជើងក្នុងការបង្ក្រាបនាពេលកន្លងមក ។

លោក សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ដោយមានបទបញ្ជាពីរឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា អគ្គបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យអាវុធហត្ថយើងត្រូវអនុវត្ត និងបង្ក្រាបរាល់បទល្មើសនានា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងយោងតាមស្មារតី ដែលលោកអភិបាលនៃគណៈអភិបាលខេត្ត បានប្រជុំ និងដាក់ផែនការសកម្មភាពបង្ក្រាបទប់ស្កាត់រាល់បទល្មើស និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង ទទួលបានសុខសន្តិភាពផងដែរ ។

ជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធក្នុងករណីលួចធំបានចំនួន០៦នាក់ រួមវត្ថុតាងជាច្រើនសន្ធឹកសន្ធាប់ ។ ក្នុងចំណោមវត្ថុតាងទាំងអស់ មានម៉ូតូមួយគ្រឿង ដែលត្រូវក្រុមជនសង្ស័យ លួចមកពីខេត្តរតនគិរី ហើយក៏ត្រូវបានលោកអភិបាលខេត្ត ប្រគល់ជូនទៅម្ចាស់វិញផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព