Social Network

​បុរសម្នាក់លួ.ចទ្វារ​ដែកស្ពានអាកាស ពេលសមត្ថកិច្ចដេញចាប់ ក៏លោ.តចូលក្នុងប្រឡាយទឹកស្អុយ

រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ខណៈមានជនបែកថ្នាំម្នាក់បានធ្វើសកម្មភាពលួចទ្វារស្ពានអាកាសចោមចៅ យកទៅលក់ជាបន្តបន្ទាប់ លុះពេលឃើញកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងប្រជាការពារ ចុះទៅឃាត់ខ្លួន ធ្វើឱ្យជននោះភ័យពេកក៏បានលោតចូលទៅក្នុងប្រឡាយទឹកស្អុយ ដែលមានទឹកជម្រៅត្រឹម.ក រួចយកសំរាមគ្របក្បាល ប៉ុន្តែទីបំផុតនៅតែត្រូវនគរបាលឃាត់ខ្លួនបានដដែល ។

នគរបាលបានប្រាប់ថា ជនសង្ស័យខាងលើគឺប្រើប្រាស់គ្រឿងញៀនរហូតបែកថ្នាំទៅហើយ ភ្លាមៗនៅមិនទាន់អាចសួរនាំដឹងពីអត្តសញ្ញាណនៅឡើយទេ គឺនិយាយត្រឡប់ត្រឡិនខ្លាំងណាស់ ។

ជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចដែក និងទ្វារដែកស្ពានអាកាសចោមចៅជាបន្តបន្ទាប់ ហើយក្រុមការងារស្ពានទើបតែផ្សារដែកដាក់ថ្មីទៀតតែប៉ុណ្ណោះ ។

នគរបាលបានឲ្យដឹងទៀតថា ដោយឡែកនៅថ្ងៃកើតហេតុ ជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចដែកស្ពាននោះទៀត ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក៏បានរាយការប្រាប់នគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យចុះទៅបង្រ្កាបនិងចាប់ខ្លួន ។ ក្រោយទទួលបានដំណឹងនេះហើយ នគរបាលសហការណ៍ជាមួយប្រជាការពារ ក៏បានចុះទៅដើម្បីឃាត់ខ្លួន ជនសង្ស័យបានរត់គេចខ្លួនតាមផ្លូវជាតិលេខ៤ រួចលោតចូលទៅក្នុងក្នុងប្រឡាយទឹកស្អុយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ នគរបាលបានប្រាប់បន្ថែមថា ទឹកប្រឡាយនោះមានជម្រៅត្រឹម ក មនុស្សចាស់ ហើយខណៈនោះជនសង្ស័យបានយកសំរាមគ្របលើកក្បាល ដើម្បីកុំឲ្យសមត្ថកិច្ចឃើញ ប៉ុន្តែដោយសារតែកម្លាំងដេញតាមជាប់រហូតនោះទើបមិនអាចពួនបាន ។ នគរបសលនិងប្រជាការពារបានស្រែកហៅឲ្យឡើង និងយកដជណ្ដើរដាក់ឲ្យឡើង ហើយរយៈពេលប្រមាណកន្លះម៉ោងទើបព្រមឡើង ប៉ុន្តែជននេះមិនព្រមឡើងតាមជណ្ដើរទេ គឺបានតោងជញ្ជាំងប្រឡាយទៅវិញ ។

នគរបាលខាងលើបានបញ្ជាក់ប្រាប់ទៀតថា លុះពេលឡើងដល់លើគោកវិញ ស្រាប់តែជននេះរត់គេចខ្លួនឆ្លងផ្លូវចូលទៅលាក់ខ្លួននៅក្នុងផ្ទះលក់គ្រឿងអគ្គិសនីមួយកន្លែងជិតនោះ ហើយក៏ត្រូវសមត្ថកិច្ចដេញតាមឃាត់ខ្លួនបាន ។ បន្ទាប់មកបាននាំទៅកាន់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរនិងចាត់ការតាមច្បាប់ ។ ពេលនោះជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចដែក និងទ្វារដែកស្ពានអាកាសចោមចៅមែន តែអត់ចាំថាយកទៅលក់នៅកន្លែងណាទេ ៕

ដកស្រង់ពី៖កោះសន្តិភាព