Social Network

ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​បន្ទប់​ជាន់​ទី​៣ រង​ការ​ខូចខាត​សម្ភារៈ​មួយ​ចំនួន នៅ​ខណ្ឌទួលគោក

រាជធានីភ្នំពេញ ៖ បន្ទប់ជាន់ទី៣ នៃលំនៅឋានមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥០Z សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ត្រូវបានអគ្គិភ័យឆាបឆេះ ផ្សែងហុយខ្មួលខ្មាញ់ បណ្តាលអោយសម្ភារៈមួយចំនួន បានរងការខូចខាត ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២និង១០នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ហើយរថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង បានទៅអន្តរាគមន៍ ។ តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញផ្សែងហុយទ្រលោមចេញពីជាន់ទី៣ ផ្ទះលេខ២២២ E៣ ខាងត្បូងផ្សារគីឡូម៉ែត្រលេខ៤ ក្នុងសង្កាត់ទឹកល្អក់ទី២ ។ ភ្លាមៗបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នា ជួយបាញ់ពន្លត់ និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ទៅអន្តរាគមន៍ ព្រោះខ្លាចភ្លើងឆេះរាល់ដាល់ធ្ងន់ធ្ងរ ។

តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ ហើយប្រើប្រាស់ទឹកអស់១ឡាន ហើយភ្លើងបានរលត់ទៅវិញ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃដដែល ។

អគ្គិភ័យនេះ បណ្តាលអោយបន្ទប់ជាន់ទី៣ រងការខូចខាតរួមជាមួយសម្ភារៈមួយចំនួនទៀត ។ អគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ដោយឡែក ក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះទេ ៕

ដកស្រង់ពី៖កោះសន្តិភាព