Social Network

បង្ក្រាប​ទីតាំង​ស្ដុក​ទុក និង​លក់​ចែកចាយ​ប្រេងម៉ាស៊ីន​ក្លែងក្លាយ នៅ​ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើស នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលក់ប្រេងម៉ាស៊ីនលាយក្លែងក្លាយ មួយកន្លែង ដេប៉ូយីហោ «ហេង សុខជា» ដែលដាក់តាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិក្រាំងពលទេព សង្កាតរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

កម្លាំងនគរបាលបានចុះបង្ក្រាបទីតាំងលួចលក់ប្រេងម៉ាស៊ីនលាយក្លែងក្លាយខាងលើនេះ តាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន K.l.S និងក្រុមហ៊ុន Siam Kubota Corporation ដោយមានការសម្របសម្រួលនីតិវិធីពីលោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និងកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមជាមួយម្ចាស់តំណាងសិទ្ធិផ្ដាច់មុខនាំចូល ។

ក្នុងពេលចុះឆែកឆេរ សមត្ថកិច្ចរកឃើញប្រេងម៉ាស៊ីន សម្រេចរឹបអូសដកហូត ជាបណ្ដោះអាសន្ន រួមមាន ៖ -ប្រេងរំអិលម៉ាក់ NOVA 2T (1L) ចំនួន ៤៩១កំប៉ុង និង NOVA 2T (0,5L) ចំនួន ៧៧១កំប៉ុង (សរុប NOVA 2T ចំនួន ១,២៦២ កំប៉ុង) ។

-ប្រេងរំអិលម៉ាក់ TRA CHANG (3L) ចំនួន ២៨០៨ TRA CHANG (6L) ចំនួន ២៧៨ ប៊ីដុង (សរុបប្រេងរំអិលម៉ាក TRA CHANG ចំនួន ៣,០៨៦ ប៊ីដុង) ។ ប្រតិបត្ដិការខាងលើនេះ ធ្វើឡើងរយៈពេល០៣ម៉ោង សមត្ថកិច្ចជំនាញសម្រេចបញ្ជូនសម្ភារទាំងអស់ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជាបណ្ដោះអាសន្ន និងដំណើរការសាកសួរម្ចាស់ទីតាំងឈ្មោះ ហេង សុខជា តាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព