Social Network

សមត្ថកិច្ច ខេត្តសៀមរាប ចុះបង្ក្រាបបទល្មើស នេសាទបានជាច្រើនករណី នៅក្នុងបឹងទន្លេសាប

សៀមរាប៖ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលចំនួន ៣សង្កាត់ នៃអធិការ ដ្ឋាននគរបាល ក្រុងសៀមរាប បានសហការជាមួយ កម្លាំងពាក់ព័ន្ធ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ចុះល្បាត់ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នេសាទខុសច្បាប់ បានច្រើនករណី នៅក្នុងបឹងទន្លេសាប ។

លោក អនុសេនីយ៍ឯក ដា ចំរើន អធិការរងនគរបាល ក្រុងសៀមរាប បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការល្បាត់ និងបង្ក្រាប បទល្មើសនេសាទនេះ កម្លាំងចម្រុះបានប្រើប្រាស់ មធ្យោបាយកាណូត ចំនួន៦គ្រឿង ដោយចាប់ ផ្ដើមចេញល្បាត ពីចំណុចក្បាលជ្រោយ នៃសង្កាត់ចុងឃ្នៀស ឆ្លងកាត់ សង្កាត់សៀមរាប រហូតដល់បរិវេណ ចុងខាងកើត បឹងពារាំង នៃសង្កាត់ជ្រាវ ។

លោកអធិការរង បានបន្តថា លទ្ធផលបង្ក្រាបបទល្មើស នេសាទខាងលើនេះ សមត្ថកិច្ចចម្រុះ បានធ្វើការដកហូត និងបំផ្លាញចោល នូវវត្ថុតាដូចជា ក្បាលបរ និងក្បាលអ៊ុយ ចំនួន៥៥ក្បាល, កាប់បំផ្លាញស្បៃមុង ប្រវែង ៩០០០ម៉ែត្រ, កាប់បំផ្លាញចំរឹង កូនឈើចំនួន១៤៥០ដើម និងប្រលែងកូនត្រីចម្រុះ ចំនួន ២៣៥គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ។ ក្នុងថ្ងៃដដែលនោះ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំអន្លង់សំណរ បានសហការជាមួយ កម្លាំងសមត្ថកិច្ចជំនាញ និងសហគមន៍ ឃុំអន្លង់សំណរ ចុះបង្ក្រាបបទល្មើស នេសាទខុសច្បាប់ នៅចំណុចត្រពាំងរូង ស្ថិតក្នុងភូមិសាស្ត្រ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។

លោកវរសេនីយ៍ត្រី សុខ សុទ្ធាវុធ អធិការនគរបាល ស្រុកជីក្រែង បានឲ្យដឹងថា ជាលទ្ធផល កម្លាំងចម្រុះបានដកហូត ឧបករណ៍នេសាទ ខុសច្បាប់មាន រួមមានក្បាលបរ ចំនួន១៣ក្បាល, របាំងសាច់អួនប្រវែង ១៣០០ម៉ែត្រ, ក្បាលអ៊ុយស្បៃមុង ១៨ក្បាល, របាំងអ៊ុយស្បៃមុងប្រវែង ៥០០ម៉ែត្រ, ចម្រឹងកូនឈើ ៥០០ដើម និងប្រលែងកូនត្រីចម្រុះ ចូលក្នុងបឹងធម្មជាតិវិញ ចំនួន៨០គីឡូក្រាម។ លោកអធិការ នគរបាលស្រុក បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការ ខាងលើនេះ មធ្យោបាយប្រើប្រាស់កាណូត ដែលមានកម្លាំង សរុប៨នាក់ សម្រាប់វត្ថុតាង ដែលដកហូតបាន សមត្ថកិច្ចចម្រុះ បានកាប់បំផ្លាញ ចូលនៅហ្នឹង កន្លែងតែម្តង ៕

ដកស្រង់ពី៖ដើមអម្ពិល