Social Network

ទីតាំងស្តុកឈើប្រណិត២កន្លែង នៅក្រុងក្រចេះ និងស្រុកចិត្របុរី ខេត្តក្រចេះ ប្រុងនាំទៅវៀតណាម ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាប

(ក្រចេះ)៖ ទីតាំងស្តុកឈើចំនួន២កន្លែង នៅក្រុងក្រចេះ និងស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះរបស់ខេត្ត ក្រោមការសម្របសម្រួល ពីតំណាងអយ្យការ បានចុះទៅបង្ក្រាប និងដកហូតបានជាច្រើន ដែលក្រុមឈ្មួញបានលាក់ទុក បម្រុងនាំចេញទៅវៀតណាម នៅពេលសមស្របណាមួយ។

 ទីតាំងទាំង២កន្លែងខាងលើនេះទី១-នៅចំណុចក្រោយអាហារដ្ឋាន «អូននាង» ស្ថិតនៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី និងទី២-នៅចំណុចក្រោយអាហារដ្ឋាន «យូអ៊ី៦៦៦» ស្ថិតនៅភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ។

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថា បានថ្លែងប្រាប់អង្គភាព Fresh News ថា «ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងដោយកម្លាំងសមត្ថកិច្ចចំរុះរួមមាន៖ កម្លាំងអាវុធហត្ថក្រចេះ កម្លាំងអាវុធះត្ថស្រុកចិត្របុរី មន្រ្តីសង្កាត់ រដ្ឋបាលព្រៃឈើថ្មគ្រែ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោលាប់ និងកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់អូឬស្សី ក្រោមការសម្របសម្រួលពីលោក ធុជ បញ្ជៈសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ចុះបង្រ្កាបបទល្មើសព្រៃឈើនេះ ដោយគ្មានលិខិតអនុញ្ញត»

លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា ជាលទ្ធផលសម្រាប់ទីតាំងទី១ កម្លាំងសមត្ថកិច្ចចំរុះ បានរឹបអូសបានឈើប្រភេទលេខ១ (សសរ ផ្ចឹក និងសុក្រំ) ចំនួន៤១ដើម ស្មើនឹង៣,៧៦០ម៉ែត្រគូប និងទីតាំងទី២ រឹបអូសបានរថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ2L-7590
ចំនួន១គ្រឿង ឈើប្រភេទលេខ១ (សសរ ផ្ចឹក និងសុក្រំ) ចំនួន៤៣ដើម ស្មើនឹង៤,៨៧៥ម៉ែត្រគូប សរុបទាំងពីរករណីបានចំនួន៨៤ដើម ស្មើនឹង ៨,៦៣៥ម៉ែត្រគូប។

បើតាមលោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថា សម្រាប់ជនល្មើសវិញ កម្លាំងសមត្ថកិច្ចមិនបានចាប់ខ្លួននោះទេ ដោយសារតែពួកគេបានរត់គេចបាត់ នៅពេលកម្លាំងសមត្ថកិច្ចទៅដល់។

លោក ទ្រី សុភក្រ្ត នាយខណ្ឌរដ្ឋព្រៃឈើខេត្តក្រចេះ បានបញ្ជាក់ថា សម្រាប់ឈើទាំងនេះត្រូវបានយកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សារ ដើម្បីចាត់ការបន្តទៀត៕

ដកស្រង់ពី៖FRESH NEW