Social Network

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ៖ កំពូលបន្តឃុំខ្លួន មន្រ្តីអាដហុក និងគ.ជ.ប ផ្ទុយច្បាប់ជាតិ-អន្តរជាតិ

ភ្នំពេញ៖ លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា តុលាការកំពូល បានសម្រេចបន្តឃុំខ្លួន មន្ត្រីសមាគមសិទ្ធិមនុស្ស អាដហុក៤រូប និងអគ្គលេខាធិការ រងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងពន្ធនាគារដដែល គឺសាលដីកានេះ ផ្ទុយនឹងច្បាប់ជាតិ និងអន្តរជាតិ។

 លោកស្រី ចក់ សុភាព បានលើកឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ថា ការសម្រេចបន្តឃុំខ្លួន មន្ត្រីសមាគមសិទ្ធិមនុស្ស អាដហុក៤រូប គ.ជ.ប  ក្នុងពន្ធនាគារអស់រយៈពេល ជិត១ឆ្នាំមកនេះ គឺជាការប្រឆាំងនឹងសិទ្ធិ ដែលត្រូវការជាអន្តរជាតិ។

លោកស្រីបានថ្លែងថា “ការឃុំខ្លួនបុគ្គលទាំងប្រាំរូប រយៈពេលជិត១ឆ្នាំ គិតរហូតមកទល់ពេលនេះ ដោយគ្មានភ័ស្តុតាង បញ្ជាក់ពីមូលហេតុ បន្តឃុំខ្លួនពួកគាត់ គឺប្រឆាំងនឹងសិទ្ធិ ដែលត្រូវបានការពារជាអន្តរជាតិ និងដោយរដ្ឋធម្មនុញ្ញ ដែលសន្មតថាគ្មានទោសពៃរ៍ ព្រមទាំងសិទ្ធិរបស់ពួកគាត់ ក្នុងការទទួលបានការកាត់ទោស ក្នុងពេលវេលាសមរម្យ”។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះ តុលាការកំពូល លោក សឹង បញ្ញាវុឌ្ឈ នៅព្រឹកថ្ងៃទី១៣ មីនា សម្រេចតម្កល់ សេចក្ដីសម្រេច របស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ទុកជាបានការដដែល ពោលគឺ សម្រេចឃុំខ្លួនអ្នកទាំង៥ ក្នុងពន្ធនាគារ បន្តទៀត ។ ក្រុមមន្ត្រីទាំងនោះ នៅតែអះអាងថា ពួកគេកំពុងទទួលរង នូវភាពអយុត្តិធម៌ ។

គួររំលឹកថា ក្រុមជនត្រូវចោទទាំង៥នាក់ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេត បន្តទៀត ៕

ដកស្រង់ពី៖ដើមអម្ពិល