Social Network

ប្រធានផ្សារកំពង់ធំ និងផ្សារស្ទឹងសែន នៅតែឲ្យយកភាស៊ី ពីអាជីវករលក់ដូរតាមកញ្ច្រែង កញ្ជើ និងល្អ, ថ្ងៃនេះអភិបាលខេត្ត ចុះទៅអន្តរាគមន៍ និងបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់

(កំពង់ធំ)៖ បងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរតាមកញ្ច្រែង កញ្ជើ និងល្អី ជាច្រើននាក់ នៅផ្សារកំពង់ធំ និងផ្សារស្ទឹងសែន ខេត្តកំពង់ធំ បានឲ្យដឹងថា ការយកភាស៊ីនៅតែបន្តកើតមានឡើង ដោយយកពី៥០០រៀលទៅ១០០០រៀល។

 បន្ទាប់ពីទទួលបានព័ត៌មាននេះ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានចុះទៅជួយអន្តរាគមន៍ និងបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់។

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខបងប្អូនអាជីវករនៅផ្សារកំពង់ធំ និងផ្សារស្ទឹងសែន ដើម្បីស្វែងយល់អំពីស្ថានភាពជីវភាព និងការប្រកបមុខរបររបស់ពួកគាត់។

ពេលចុះសួរសុខទុក្ខបងប្អូនអាជីវករដែលលក់ដូរតាមកញ្ច្រែង កញ្ជើ និងល្អី នោះពួកគាត់បានជម្រាបទៅលោកអភិបាលខេត្តថា «កន្លងមកអ្នកយក ភាស៊ីពេលខ្លះ យកភាស៊ីពីពួកគាត់៥០០រៀលទៅ១០០០រៀល»។ បន្ទាប់ពីទទួលបានភ្លាមៗ លោកអភិបាលខេត្តកំពង់ធំ បានបញ្ជាទៅអ្នកយកថ្លៃភាស៊ី ពីក្រុមអាជីវករលក់ដូរតាមកញ្ច្រែង កញ្ជើ និងល្អី ឲ្យបញ្ឈប់យកភាស៊ីបងប្អូនជាបន្ទាន់ ដែលធ្វើឡើងផ្ទុយពីការសម្រេច និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះលោកអភិបាលខេត្ត បានជម្រាបជូនដល់អាជីវករទាំងអស់ថា «សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាត ឲ្យបងប្អូនអាជីវករដែលលក់ដូរ នៅក្នុងផ្សារតាមតូបនីមួយៗ ឬកន្លែងដែលបងប្អូនអាជីវករកំពុងលក់ដូរសព្វថ្ងៃនេះ អាចលក់ដូរតកូន តចៅ និងមិនមានអាណត្តិឡើយ ហើយសម្រាប់បងប្អូនដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី...(ផលិតផលរបស់ខ្លួន ដែលយកមកលក់ផ្ទាល់ម្តងម្កាល) គឺមិនឲ្យបង់ថ្លៃភាស៊ីទេ»

លោកអភិបាលខេត្ត សុខ លូ ក៏បានផ្តាំផ្ញើដល់អាជីវករទាំងអស់ ឲ្យផ្តល់ព័ត៌មានដល់អាជ្ញធរមូលដ្ឋាន ឬមករដ្ឋបាលខេត្ត ប្រសិនណាបើមានជនខិលខូច ដើរយកភាស៊ី ពីបងប្អូនអាជីវករដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី...។

បងប្អូនអាជីវករ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលតែងតែគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងជួយដោះស្រាយបញ្ហាទាន់ពេលវេលា ហើយបងប្អូនអាជីវករទាំងអស់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតដល់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាល សម្តេចតែងតែគិតគូពីសុខទុក្ខ និងការលំបាករបស់ប្រជារាស្រ្ត ពិសេសស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ និងផ្តល់ជំនឿជឿជាក់ដល់ប្រជារាស្រ្ត។

បងប្អូននៅតែគោរពស្រឡាញ់សម្តេចតេជោជានិច្ច និងសូមឲ្យសម្តេចបន្តដឹកនាំប្រទេសឲ្យបាន កាន់តែយូរតទៅទៀតដើម្បីអភិវឌ្ឍន៍ប្រទេស និងរក្សាសុខសន្តិភាពយូរអង្វែង៕

ដកស្រង់ពី៖ដើមអម្ពិល